ខេត្តរតនគិរី÷ នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយុទ្ធពលខេមរ
ភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតម្ស៉ៅមីរបស់ក្រុមហ៊ុន ជា ទូច ដ្រេឌីង ស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគីរី។
ក្រុមហ៊ុនបានបោះទុនអស់១៦លានដុល្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងមួយថ្ងៃក្រុមហ៊ុនផលិតបាន៣០០តោន ហើយរោងចក្ររបស់ក្រុមហ៊ុនដំណើការផលិតរយៈពេល២៤ម៉ោងលើ២៤ម៉ោង។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ ក្នុងពិធីនោះថា៖ ការសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវរោងចក្រផលិតម្សៅមីរបស់ក្រុមហ៊ុន ជា ទូច ដ្រេឌីង ដែលកំពុងដំណេីរការនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តរតនគិរី ស្របតាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
ហើយតាមរយៈរោងចក្រនេះ នឹងអាចជួយចូលរួមចំណែកក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋដែលមកធ្វេីជាកម្មករនៅទីនេះ ដែលជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាល និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោក ហ៊ុន ម៉ាណែត មានជំនឿរយ៉ាងមុតមាំថា តាមរយៈការបង្កេីតឲ្យមានរោងចក្រផលិតនូវផលិតផលសម្រេចនៅក្នុងស្រុកបែបនេះ គឺពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ ក៏ដូចជាលទ្ធភាពយ៉ាងច្រេីន សម្រាប់ប្រជាពលរដ្ឋទូទៅដែលមិនមានមធ្យោបាយដឹកជញ្ជូនទៅទីឆ្ងាយ និងមិនមានទីផ្សារសម្រាប់លក់ចេញ ស្របពេលដែលពេលខ្លះតម្លៃលក់កសិផលត្រូវបានឈ្មួញកណ្តាលទំលាក់ថ្លៃ ដែលធ្វេីឲ្យប៉ះពាល់ដល់ការផលិតរបស់កសិករ។
ឯកឧត្តម ក៏បានអបអរសារទ ចំពោះប្រធានក្រុមហ៊ុន ហេីយសំណូមពរក្រុមហ៊ុនមេត្តាយកចិត្តទុកដាក់សហការអោយបានជិតស្និទ្ធ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន អង្គភាព សមត្ថកិច្ចជំនាញគ្រប់ផ្នែក អ្នកពាក់ព័ន្ធនានា និងបណ្តាក្រុមហ៊ុន វិស័យឯកជននានា ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ដេីម្បីចូលរួមគាំទ្រអោយកិច្ចដំណេីរការរបស់ក្រុមហ៊ុន ជាពិសេសសង្វាក់ផលិតកម្មនៃរោងចក្រនេះ មានដំណេីរជាប្រក្រតី សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលេីកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍកិច្ចសង្គម ប្រកបដោយចីរភាព ដែលឆ្លេីយតប ទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ៕ យក្ខឡោម





































