កំពង់ឆ្នាំង ៖ នៅវេលាម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងឃុំចំនួន២ នៃស្រុកបរិបូរណ៌ ដើមឈើជាច្រើនដើមបានបាក់សង្កត់មកលើថ្នល់ជាតិ បង្ករការស្ទះ
ចរាចរណ៍ លើផ្លូវជាតិលេខ៥ មួយរយៈខ្លី ដោយសារភ្លៀងនិងខ្យល់កន្ត្រាក់ ។
ក្រោយពីដើមឈើជាច្រើនដើមបានបាក់សង្កត់មកលើថ្នល់ជាតិ បង្ករការស្ទះចរាចរណ៍ អជ្ញាធរស្រុកបរិបូណ៌ អាជ្ញាធរឃុំ ភូមិ រួមនិងប្រជាពលរដ្ឋ បានចូលរួមកាត់រុញដើមឈើទាំងនោះចេញដើម្បីសម្រួលចរាចរណ៍កកស្ទះ ។
អាជ្ញាធរស្រុកបរិបូណ៌បានអោយដឹងថា ៖ ភ្លៀងនិងខ្យល់កន្ត្រាក់ បានធ្វើអោយដួលរលំដើមឈើលើថ្នល់ជាតិ លេខ៥ ចាប់ពីភូមិផ្សារ ឃុំផ្សារ ដល់ភូមិស្រះកែវ ឃុំមេលំ អស់ចំនួន២៤ដើម បណ្តាលអោយស្ទះចរាចរណ៍ ដោយកន្លែងប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន ។ កម្លាំងសមត្ថកិច្ចនិង អាជ្ញាធរភូមិ-ឃុំ-ស្រុក ចេញអារកាត់ ដើមឈើជាកង់ៗ និងបានយកត្រាក់ទ័រ រុញចេញ អោយផុតពីផ្លូវ ដើម្បីសម្រួលការស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរអោយទាន់ពេលវេលា ។ ចំពោះហេតុការណ៍ ភ្លៀងនិងខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ក្នុងស្រុកបរិបូរណ៍ នោះក៍នៅមានការខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ ដែលព្រឹកនេះ អាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវស្រង់ស្ថិតិ ។

សុខ គឹមសៀន




































