យុវជនស្ម័គ្រចិត្តបេតិកភណ្ឌបន្ទាយឆ្មារចែករំលែកបទពិសោធន៍ការងារដល់សិស្សានុសិស្សវិទ្យាល័យស្រះស្រង់

0

សៀមរាប៖ មានរយៈពេល៣ថ្ងៃនៅលើទឹកដីអង្គរ នាថ្ងៃទី៤ ទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៨ យុវជនស្ម័គ្រចិត្តបេតិកភណ្ឌបន្ទាយឆ្មារ ជាសិស្សថ្នាក់ទី១០ ១១ និង១២ ចំនួន១៨នាក់ បានមកចែករំលែកបទពិសោធន៍ទាក់ទងនឹងការការពារ ថែរក្សា និងស្រាវជ្រាវបេតិកភណ្ឌក្នុងតំបន់ខ្លួនដល់សិស្សានុស្សវិទ្យាល័យស្រះស្រង់ និងស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតំបន់អង្គរពីសំណាក់អ្នកជំនាញអាជ្ញាធរជាតិអប្សរាផង។

លោកនាយករងវិទ្យាល័យបន្ទាយឆ្មារ ឃុត សាវឿន ជាអ្នកដឹកនាំយុវសិស្សទាំង១៨រូប បានឱ្យដឹងថា កម្មវិធីអប់រំបេតិកភណ្ឌនៅបន្ទាយឆ្មារមានរយៈពេល៤ឆ្នាំហើយ គឺចាប់ផ្តើមពីឆ្នាំ២០១៤ ហើយទទួលបានជោគជ័យគួរឱ្យសប្បាយចិត្ត។ កម្មវិធីនេះមានការជួយផ្នែកបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា អង្គការគាំពារកេរមរតក និងថវិកាពីភាគីថៃ។ ការបង្កើតឱ្យមានគម្រោងនេះ គឺដើម្បីឱ្យយុវជននៅក្នុងតំបន់បានស្គាល់អ្វីជាបុរាណដ្ឋាន មរតកវប្បធម៌ផ្សេងៗដែលមានក្នុងស្រុក ចេះការពារ ថែរក្សា អភិរក្ស ដើម្បីឱ្យភ្ញៀវទេសចរទៅមើល បង្កើនចំណូលដល់អ្នកស្រុក។

លោកគ្រូក៏បានលើកឡើងពីបញ្ហាដែលប្រឈមនៅក្នុងតំបន់បន្ទាយឆ្មារ គឺការដើរឆក់ កោស រូសលើថ្មប្រាសាទ ការជីកកកាយវត្ថុបុរាណ និងជួញដូរ តែក្រោយមានយុវជនស្ម័គ្រចិត្តបេតិកភណ្ឌ បញ្ហាទាំងនោះក៏លែងសូវកើតមាន ព្រោះពួកគេយល់និងចេះស្រឡាញ់សម្បត្តិដូនតា។ ចំពោះកិច្ចការនេះ នឹងធ្វើឱ្យសិស្សទទួលបានគំនិតចេះសរសេរស្រាវជ្រាវនិងយកបទពិសោធន៍ទៅសិក្សានៅមហាវិទ្យាល័យ។

យុវសិស្ស ពឿត ឆាលី ជាសិស្សថ្នាក់ទី១២ បានលើកឡើងថា នេះជាឱកាសល្អដែលបានមកធ្វើបទបង្ហាញដល់មិត្តនៅវិទ្យាល័យស្រះស្រង់ទាក់ទងនឹងការងារអប់រំបេតិកភណ្ឌ។ វាជាការងារដ៏រីករាយ ថ្វីត្បិតតែជួបបញ្ហាលំបាកខ្លះៗពេលចុះទៅស្រាវជ្រាវនៅកន្លែងឆ្ងាយ ដោយសារមធ្យោបាយធ្វើដំណើរ ការរុករកក្នុងព្រៃ តែវាមិនប៉ះពាល់ដល់ការសិក្សាទេ ព្រោះយើងធ្វើការស្រាវជ្រាវតែពេលទំនេរ។ ក្នុងនាមជាអ្នកបន្ទាយឆ្មារ ខ្ញុំត្រូវតែស្គាល់ថានៅតំបន់ខ្ញុំមានសក្តានុពលទេសចរណ៍រូបីនិងអរូបីអ្វីខ្លះ ទាន់មានឱកាសក្នុងការសិក្សា ហើយវាផ្តល់ចំណេះដឹងនិងបទពិសោធន៍ត្រៀមនៅសាកលវិទ្យាល័យ លើផ្នែកស្រាវជ្រាវ និងការប្រើប្រាស់កុំព្យូទ័ររបស់ខ្ញុំ។

យុវសិស្ស ជិន ប៉ូលី ថ្នាក់ទី១០អា បានសម្រេចចិត្តចូលកម្មវិធីនេះ ព្រោះការស្រឡាញ់វិស័យនេះនិងចង់ដឹងពីប្រវត្តិសាស្ត្រនិងភូមិសាស្ត្រដែលខ្លួនរស់នៅ។ ការងារនេះបង្រៀនប្អូនឱ្យចេះដឹងច្រើនទាក់ទងនឹងការស្រាវជ្រាវ កុំព្យូទ័រ និងចែករំលែកចំណេះដឹងទាំងនេះដល់ប្អូនៗនៅសាលាបឋមនៅបន្ទាយឆ្មារ។ ប្អូនក៏សំណូមពរឱ្យយុវជនទាំងអស់ចូលរួមចំណែកក្នុងការថែរក្សា ស្រឡាញ់សម្បត្តិដូនតាឱ្យបានគង់វង្ស។

អ្នកគ្រូ មាំង សេរីរ័ត្ន គ្រូបង្រៀនពលរដ្ឋវិជ្ជានៃវិទ្យាល័យស្រះស្រង់ ពេញចិត្តជាខ្លាំងចំពោះគម្រោងសិក្សានេះ ព្រោះអ្នកគ្រូផ្ទាល់ក៏ស្រឡាញ់ការស្រាវជ្រាវចំពោះវត្ថុបុរាណនិងប្រាសាទនានា។ កម្មវិធីនេះ នឹងធ្វើឱ្យក្មេងៗស្គាល់ពីមូលដ្ឋានគ្រឹះមួយចំនួនពីការស្រាវជ្រាវ ហើយអាចដកស្រង់បទពិសោធន៍ផ្ទាល់ ពិសេសពួកគេស្ថិតក្នុងខេត្តសៀមរាបដែលសម្បូរដោយប្រាសាទស្រាប់ ហើយបើអនាគតពួកគេចង់ក្លាយជាបុរាណវិទូឬមគ្គុទ្ទេសក៍ វាកាន់តែងាយស្រួល។

យុវសិស្ស គឹម នឹង នៃវិទ្យាល័យស្រះស្រង់ ក៏សម្តែងនូវការសប្បាយចិត្តដែលបានចូលរៀនក្នុងគម្រោងនេះ ព្រោះប្អូនមានគោលបំណងចង់ស្រាវជ្រាវសម្បត្តិមរតកនៅក្នុងស្រុកប្អូន ហើយវាក៏ជាតួនាទីរបស់កូនខ្មែរគ្រប់រូបដែលត្រូវចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃឱ្យបានគង់វង្សផងដែរ៕