ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន១១ភូមិ និងអាជ្ញាធរឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សំណូមពរអាជ្ញាធរខេត្ត និងមន្ទីរពាក់
ពន្ធ័ ជួយកសាងស្ពានឆ្លងព្រែកតាកំ នៅក្នុងភូមិខ្លាគ្រហឹមឡើងវិញ ដោយស្ពានឈើនេះបានបាក់កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅម្យ៉ាងវិញទៀតនៅតែរយៈពេលជាង១ខែប៉ុណ្ណោះទឹកទន្លេចាប់ផ្តើមឡើងហើយ មិនអាចអំណោយផលការកសាងស្ពាននេះបាន ទន្ទឹមនឹងនោះផងដែរប្រជាពលរដ្ឋទាំង១១ភូមិនឹងជួបការលំបាកមិនខាន។
ប្រជាពលរដ្ឋក្នុងភូមិខ្លាគ្រឹម ឃុំអំពិលទឹក បានរៀបរាប់ថា៖ ស្ពានឈើនេះមានប្រវែង២០ម៉ែត្រ ហើយប្រជាពលរដ្ឋចំនួន១១ភូមិមានរាប់ពាន់គ្រួសារ សិស្សសាលា និងកម្មករជាង៣០០នាក់ ក្នុនៅងឃុំអំពិលទឹកឆ្លងកាត់ជាប្រចាំ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល មានព្រំប្រទល់ជាប់ឃុំអំពិលទឹក ក៏បានធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលពីស្រែចំការ ឆ្លងកាត់ស្ពានមួយនេះទៅកាន់មូលដ្ឋាន និងទីផ្សារផងដែរ ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថាស្ពានឈើនេះមានអាយុកាលជាង៦០ឆ្នាំហើយ បានកសាងឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម ។ ក្រោយឆ្នាំ១៩៧៩អាជ្ញាធរបានធ្វើការជួសជុលប្រើរហូរមក ដែលមកដល់ពេលនេះមានសភាព ទ្រុឌទ្រោម និងបានបាក់នៅរសៀលថ្ងៃទី៥ ខែឧសភានេះ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។ តែថ្មីៗនេះអាជ្ញាធរឃុំ និងប្រជាពលរដ្ឋបាននាំគ្នាធ្វើផ្លូវវាងមួ យជិតស្ពាននេះ តែបើមានភ្លៀងវិញផ្លូវវាងដែលមានស្ថានភាពចំណោតនេះ រអិលមិនអាចធ្វើដំណើរបានឡើយ។
អាជ្ញាធរឃុំអំពិលទឹក បានអោយដឹងថា៖ឆ្នាំមុន ខាងមន្ទីរសាធារណៈការខេត្ត បានដឹកស្ពានដែកបាឡេមួយខ្សែប្រុងមកកសាងស្ពាននេះតែមិនដឹងជាយ៉ាងណាក៏ស្ងាត់ទៅវិញមិនឃើញកសាងឡើយ។ តែពេលនេះស្ពាន បានបាក់ទៅហើយ ដូច្នេះប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ គោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរសាជារណៈការខេត្ត មេត្តាជួយកសាងស្ពាននេះអោយបានឆាប់ៗវិញផង ។
ទាក់ទងនិងស្ពាននេះដែរ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការខេត្ត នៅព្រឹកថ្ងៃទី០៨ ខែឧសភានេះ បានអោយដឹងថា៖ ការយឺតយ៉ាវឆ្នាំមុនដែលមិនបានកសាងស្ពាននេះដោយ សារតែខ្វះដែកស្ពានបេឡេ១ភាគ៣ ហើយក្រសួងក៏ខ្វះលុយផងដែរ តែឆ្នាំនេះលោកបានលើកគម្រោងកសាងស្ពាននេះហើយ និងនៅអាទិត្យក្រោយនេះផ្នែកនាយកដ្ឋានជំនាញរបស់ក្រសួងនឹងចុះមកពិនិត្យ និងសិក្សា ដើម្បីធ្វើការកសាងស្ពានដែកបេឡេប្រវែង២៤ម៉ែត្រ នៅចំណុចស្ពា នព្រែកតាកំនេះ ជូនប្រជាលរដ្ឋយើងហើយ ៕ 
សុខ គឹមសៀន




































