អ្នកបំពានកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គណៈកម្មការក្នុងដែនសមត្ថកិច្ចចាំបាច់ត្រូវតែអនុវត្តតាមវិធានការច្បាប់ដោយមិនត្រូវយកមនោសញ្ចេតនាមកពាក់ព័ន្ធឡើយ

0

កំពតៈ នេះជាការឆ្លើយតបនូវសំណួរចំពោះថ្នាក់ដឹកនាំខេត្តដោយសមាជិកក្រុមប្រឹក្សាខេត្តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធការបំពានកាន់កាប់ដីប្រឡាយទឹកមួយកន្លែងពីសំណាក់អ្នកអនុវត្តច្បាប់មួយរូបស្ថិតក្នុងភូមិសាស្ត្រស្រុកទឹកឈូ។
លោកលឹមសំបូរសមាជិកក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថាសកម្មភាពនៃការចាក់ដីចូលប្រឡាយទឹកក្បែរស្ពានព្រះពន្លានៃដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូនឹងបង្កការលំបាកច្រើនយ៉ាងទៅថ្ងៃក្រោយជាក់ជាមិនខាន។
ប្រឡាយនោះជាផ្លូវបង្ហូរទឹកបន្តឆ្ពោះចូលព្រែកដ៏សំខាន់ដើម្បីបញ្ចៀសការលិចលង់រៀងរាល់រដូវវស្សា។ សមាជិកក្រុមប្រឹក្សាដដែលបញ្ជាក់ថាពេលនេះ ពលរដ្ឋកំពុងមានការព្រួយបារម្ភ តើអាជ្ញាធរខេត្ត ឬសមត្ថកិច្ចក្នុងដែនជំនាញនឹងមានវិធានការបែបណា?។ឆ្លើយតបចំពោះបញ្ហាខាងលើ លោកជាវ តាយ
អភិបាលខេត្តកំពតបានមានប្រសាសន៍ថាត្រង់កន្លែងក្បែរស្ពានព្រះពន្លាគឺអភិបាលរងក្រុងកំពតមួយរូបមានដីនៅជាប់ទីនោះ។ ក្រោយមកក៏បានចាក់ដីរំលោភចូលក្នុងប្រឡាយបំណងកាន់កាប់ជាកម្មសិទ្ធិ។ កន្លងទៅ អាជ្ញាធរធ្លាប់មានប្រតិកម្មច្រើនតាំងពីមន្ទីរដែនដីនគរូបនីយកម្ម តាំងពីស្រុកដោយមានវិធានការ ព្រមទាំងបង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យមើលថាតើការចាក់ដីនោះស្របច្បាប់ឬទេ។
លោកអភិបាលខេត្តបានបន្តថាតាមរយៈការវាយតម្លៃរបស់គណៈកម្មការគឺការចាក់ដីនោះបំពានលើដីសាធារណៈរបស់រដ្ឋ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាកិច្ចប្រជុំគណៈអភិបាលខេត្តបានសម្រេចឱ្យអ្នកចាក់ដីកាយចេញវិញ ហើយអភិបាលរងក្រុងក៏យល់ព្រម។
លោកជាវ តាយបានបញ្ជាក់ថាក្រោយពីបានកាយរួចក៏មានការសម្របសម្រួលក្រោមហេតុផលថាជាដីទិញបន្តដែលមន្ទីរជំនាញកំពុងដំណើរការសិក្សាដើម្បីចេញប័ណ្ណកម្មសិទ្ធិ។ ប៉ុន្តែលោកមិនគាំទ្រវិធានការនោះទេ ពោលគឺអ្វីៗត្រូវដំណើរការតាមគោលការណ៍ តាមអនុក្រឹត្យដែលច្បាប់បានកំណត់ថាពីមាត់ប្រឡាយមានចម្ងាយប៉ុន្មាន? អាជ្ញាធរនឹងមានវិធានការបន្ត។ក្នុងនាមគាត់ជាមន្ត្រីរាជរាជរដ្ឋាភិបាល ជាអ្នកចេះច្បាប់គាត់ត្រូវតែអនុវត្ត ពោលគឺមិនអាចយកមនោសញ្ចេតនាមកពាក់ព័ន្ធឡើយ៕