អភិបាលស្រុកកំពង់ត្រាចដាក់បទបញ្ជាសមត្ថកិច្ចចម្រុះចុះទៅហាមឃាត់ប្រជាពលរដ្ឋដែលកំពុងកាប់ទន្ទ្រានយកដីបឹងឈូក ដែលជាសម្បតិ្តរដ្ឋ

0

កំពត៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងនោះមានអាជ្ញាធរស្រុក កម្លាំងនគរបាល និងកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៨នេះ បានចុះទៅហាមឃាត់ការកាប់វាតយកដីបឹងឈូក ដែលជាបឹងប្រវត្តិសាស្ត្ររបស់រដ្ឋ នៅចំណុចស្ពានរូង ក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ចំពោះការចុះឃាត់ឃាំងដូចខាងលើនេះ បានអនុវត្តឡើង តាមបញ្ជាផ្ទាល់ពីសំណាក់ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាចទើបតែទទួលតំណែងថ្មី ដែលកន្លងមកលោកអភិបាលស្រុករូបនេះហាមប្រាមដាច់ខាតមិនឱ្យបុគ្គលណាម្នាក់កេងប្រវ័ញ្ចយកសម្បតិ្តសាធារណៈនោះឡើយ។
តាមប្រភពពីក្រុមសមត្ថកិច្ចចម្រុះដែលចុះមករេរាំងកុំឱ្យមានការកាប់វាតយកដីបឹងធម្មជាតិរបស់រដ្ឋបានអះអាងថា កាលពីព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៨ មានមនុស្សប្រមាណពី៥ទៅ៦នាក់ប្រដាប់ដោយកាំបិតផ្គាក់ និងម៉ាសីុនកាត់ស្មៅ បានធ្វើសកម្មភាព កាប់ឆ្ការនៅក្នុងបឹងឈូក ចំណុចភូមិបឹងធំ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បំណងវាតយកជាកម្មសិទ្ធិ ទើបអភិបាលស្រុកបញ្ជាឱ្យអាជ្ញាធរក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចចុះទៅហាមឃាត់កុំឱ្យមានការកាប់វាត ទន្ទ្រានបន្តទៀត។ក្រុមសមត្ថកិច្ចបានបញ្ជាក់ថា អ្នកដែលជួលកម្មករឱ្យចុះទៅកាប់ឆ្ការបឹងឈូកខាងលើនេះ ឈ្មោះ សំ អេន និងប្រពន្ធឈ្មោះ សេង យិ ដោយពួកគាត់បានអះអាងថាដីបឹងនេះគាត់កាន់កាប់រាប់សិបឆ្នាំមកហើយ ទើបគាត់ហ៊ានកាប់ឆ្ការបែបនេះ។
បើយោងតាមប្រភពពីលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានលួចទម្លាយថា បុគ្គលដែលហ៊ានបំពានទៅលើដីបឹងជាសម្បតិ្តរដ្ឋដោយមិនខ្លាចញញើតបែបនេះ ដោយសារតែមានមន្ត្រីអន្ទើសៗ២ឬ៣នាក់នៅស្រុកកំពង់ត្រាចចាំជួយជ្រោមជ្រែងពីក្រោយខ្នង ក្នុងគោលបំណងដើម្បីទាញយកផលប្រយោជន៍មួយចំណែកដែរ ទើបធ្វើឱ្យបុគ្គលទាំងនេះឡើងកូដមិនខ្លាចច្បាប់ទម្លាប់ឡើយ។ប្រភពច្បាស់ការណ៍បានបង្ហើបទៀតថា ត្រង់ចំណុចមុខដីបឹងឈូកជាប់នឹងផ្លូវជាតិលេខ៣១ បច្ចុប្បន្ននេះកំពុងមានហាងឆេងខ្លាំងណាស់ ហើយបើក្រសោបយកបានវិញគឺមានតម្លៃមិនតិច​មឺុនដុល្លារនោះទេ។ម្លោះហើយទើបមានបុគ្គលដែលមានចិត្តមហិច្ឆិតាបានប្រើគ្រប់រូបភាពដើម្បីក្រសោបយកដីបឹងរបស់រដ្ឋនេះឱ្យបាន ទោះជាប្រើតាមវិធីណាក៏ដោយ។
ប្រភពដដែលបានឱ្យដឹងផងដែរថា កាលពីអាជ្ញាធរស្រុកមុនកាន់តំណែង ប្រឡាយនិងមាត់បឹងស្ថិតក្បែរចំណុចនេះត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចាក់លប់យកធ្វើជាកម្មសិទ្ធិបន្តគ្នា ស្ទើបាត់រូបរាងអស់ទៅហើយ ចាប់ពីខាងកើតទីប្រជុំជនស្រុកកំពង់ត្រាច រហូតមកទល់នឹងភូមិសាស្ត្រឃុំអង្គសុរភី ដែលមានប្រវែងរាប់គីឡូម៉ែត្រ ប៉ុន្តែឥឡូវនេះក៏នៅមានសកម្មភាពទន្ទ្រានជាបន្តបន្ទាប់ តែត្រូវបានរេរាំងដោយអាជ្ញាធរស្រុកបច្ចុប្បន្ន។ដូច្នេះគេចាំមើលថា តើអភិបាលស្រុកថ្មី អាចទប់ស្កាត់រាល់ការបំពានពីបុគ្គលម្នាក់នេះបានដែរទេ។ម្យ៉ាងទៀតបឹងឈូកនេះជាដង្ហើមស្លាប់ រស់របស់ប្រជាពលរដ្ឋទូទៅ ពិសេសជាបឹងសម្រាប់បញ្ចៀសទឹកជំនន់ភ្លៀងដែលប្រជាពលរដ្ឋក្នុងឃុំពីរគឺឃុំបឹងសាលាខាងជើង និងឃុំកំពង់ត្រាចខាងកើត កំពុងប្រឈមនឹងការលិចលង់ ខណៈមានការលប់បឹងឈូកដែលជាជ្រលងបង្ហៀរទឹកចេញពីភូមិសាស្ត្រខាងលើ។
ជាមួយគ្នានេះ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាចថ្មី នៅព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៨ លោកបានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា លោកមិនព្រមអនុញ្ញាតឱ្យបុគ្គលណាម្នាក់បំពារបំពានរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឡើយ ពិសេសបឹងឈូកចំណុចស្ពានរូងនេះតែម្តង គឺដាច់ខាតត្រូវតែរក្សាឱ្យនៅគង់វង្សដូចដើម។លោកបានឱ្យដឹងទៀតថា លោកមិនបណ្តែតបណ្តោយឱ្យបុគ្គលម្នាក់ទៅបំផ្លាញប្រជាពលរដ្ឋរាប់រយនាក់នោះទេ ដឹងស្រាប់ហើយបឹងឈូកនេះជាបឹងធម្មជាតិនិងជាដង្ហើមរស់របស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ស្ថិតក្នុងភូមិដាសស្គរ ឃុំបឹងសាលាខាងជើង និងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត។
សូមបញ្ជាក់ថា កន្លងមកមានបុគ្គលមួយចំនួនចេះតែដណ្តើមប្រជែងចាក់ដីលុបបឹងឈូកត្រង់ចំណុច(ស្ពានរូង)បំណងបំពានយកជាញឹកញាប់ ប៉ុន្តែត្រូវបានរេរាំងដោយអាជ្ញាធរស្រុក។ដូច្នេះគេចាំមើលថា តើការហាមប្រាមរបស់អាជ្ញាធរមានប្រសិទ្ធភាពដែរទេ ហើយអ្នកនៅពីក្រោយក្នុងករណីបំពានយកដីរដ្ឋនេះតើគេមានខ្នងបង្អែកប៉ុណ្ណាទៅទើបថ្លើមធំបែបនេះ។
ជាថ្មីម្តងទៀត មហាជន ពិសេសប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច សំណូមពរដល់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដែលទើបកាន់តំណែងថ្មី សូមលោកជួយពិនិត្យរាល់ករណីរំលោភបំពានមកលើដីរដ្ឋដូចខាងលើនេះផង៕