ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្របពេលដែលខេត្តព្រះសីហនុ មានវត្តមានជនជាតិចិនច្រើនទាំងវិនិយោគិនចិននិងទេសចរចិន។ឯកឧត្តម Chen Shiqu បានសំដែងការអបអរសាទរ និងមោទភាព ចំពោះវឌ្ឍនភាពនៃខេត្តព្រះសីហនុ
នារយៈការចុងក្រោយនេះ។ឯកឧត្តម Chen Shiqu ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលបានដឹកនាំខេត្តព្រះសីហនុអោយមានភាពរីកចម្រើនយ៉ាងលឿននាពេលនេះ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម Chen Shiqu បានស្នើសុំដល់រដ្ឋបាលខេត្តព្រះសីហនុ ជួយសហការក្នុងការបង្រ្កាបនូវបទល្មើសដែលបង្កដោយជនជាតិចិនខ្លះ នៅខេត្តព្រះសីហនុនេះ និងស្នើអោយចាត់វិធានការពណ៏តាមច្បាប់អោយបានតឹងរ៉ឹងបំផុត។ក្នុងនោះក៏មានបញ្ហាដែលពាក់ព័ន្ធទៅនឹងការពង្រឹងការប្រឆាំងការជួញដូរមនុស្សផងដែរ។
ឯកឧត្តម Chen Shiqu បានបង្ហាញពីសុទ្ឋិនិយមថា នាពេលអនាគតខេត្តព្រះសីហនុ នឹងមានកំណើននៃវត្តមានជនជាតិចិនមកវិនិយោគ និងមកធ្វើទេសចរណ៍កាន់តែច្រើន។
ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការសាទរ និងសហការយ៉ាងរីករាយ ចំពោះសំណើ របស់គណៈប្រតិភូនៃក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចជំនួបនាឱកាសនេះ។ ឯកឧត្តម យន្ត មីន បានបន្តថា ខេត្តព្រះសីហនុ ស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់គម្រោងវិនិយោគទាំងអស់ សំខាន់ឲ្យតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានស្នើសុំដល់ភាគីចិនសូមឲ្យជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគចិន អោយងាកមកចាប់អារម្មណ៍ មកកម្សាន្តខេត្តព្រះសីហនុ និងធ្វើការវិនិយោគបន្ថែមទៀតនៅពេលខាងមុខនេះ។
រដ្ឋបាលខេត្តព្រះសីហនុ ធានាការពារយ៉ាងគត់មត់ ចំពោះ សន្តិសុខ សុវត្ថិភាព អ្នកវិនិយោគនិងភ្ញៀវទេសចរ ដោយយកច្បាប់ជាគោល ដោយឡែកជនជាតិចិនមួយចំនួន ដែលកន្លង បង្កបញ្ហាខ្លះៗ ឯកឧត្តមបានឲ្យដឹងថា យើងនឹងអនុវត្តទៅតាមច្បាប់។
គួរបញ្ជាក់ថារយៈកាលពីឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ ត្រូវបាន វិនិយោគិនមកតំបន់ផ្សេងៗបានចាប់អារម្មណ៏និងបានមកបណ្តាក់ទុនវិនិយោគយ៉ាងច្រើនជាពិសេសមកពីប្រទេសចិន។
បញ្ហានេះ បាននឹងកំពុងធ្វើអោយខេត្តព្រះសីហនុ មានការរីកចំរើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់។
ប្រជាជនខេត្តព្រះសីហនុ ក៏កំពុងតែចាប់ផ្តើមប្រែមុខមាត់ថ្មីគូរអោយកត់សំគាល់ផងដែរ៕





































