ខេត្តរតនគិរី៖ យុវជនម្នាក់ ជិះម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតទៅបុកបុរសម្នាក់ ខណៈកំពុងដើរថ្មើជើងតាមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃសៅរ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខ
ជាងឡាន ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ អុំ វេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិគោកអំពិល ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសលើថ្ពាល់ឆ្វេង និងដៃឆ្វេង។ ចំណែកអ្នកថ្មើរជើងឈ្មោះ សាត សីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសចំក្បាលខាងឆ្វេង។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍អូរជុំដើម្បីរងចាំធ្វើការសម្របសម្រួល និងដោះស្រាយគ្នានៅពេលក្រោយ៕ យក្ខឡោម




































