សៀមរាប: រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចាប់បានខណៈពេលដែលកំពុងធ្វើចរាចរចូលមកក្រុងសៀមរាប។ 
លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ហេតុការបង្ក្រាបនេះបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីរថយន្តដឹកឈើល្មើសច្បាប់ នៅវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ តាមផ្លូវជាតិលេខ៦ ត្រង់ភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កម្លាំងរបស់លោកបានធ្វើការស្ទាក់ចាប់បានរថយន្តមួយគ្រឿង ដែលមានផ្ទុកឈើខុសច្បាប់ពេញ ព្រមទាំងឃាត់ខ្លួនមនុស្សពីរនាក់ ជាអ្នកបើកបរ និងព្រូឡាន។ លោកសឿន សេន បន្តថា បន្ទាប់ពីស្ទាក់ចាប់បានកម្លាំងរបស់លោកបាននាំទាំងមនុស្ស និងរថយន្តយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំនីតិវិធីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ។
ជាមួយការបង្ក្រាប រថយន្តដឹកឈើល្មើសច្បាប់នេះដែរ លោកសឿន សេន បានអំពាវនាវដល់ពលរដ្ឋ ជួយសហការរាយការណ៍ដល់កម្លាំងរបស់លោក ចំពោះរាល់បទល្មើសសេដ្ឋកិច្ច ដូចជាការដឹកជញ្ជូនឈើខុសច្បាប់ បទល្មើសជលផលជាដើម។ល។ ៕




































