តាមពិតសត្វដំរី​ គេអាចដឹងពីដំណើររបស់វា​ គឺដោយសារតែវាពាក់GPSសោះ

0

មណ្ឌលគិរី​: មហាជនជាច្រើន​ កន្លងមកបានសម្តែងក្តីងឿងឆ្ងល់​ អំពីការតាមដានជីវិតរស់នៅរបស់សត្វ​ ពិសេសសត្វព្រៃដែលរស់នៅក្នុងព្រៃជ្រៅៗ​ តើគេធ្វើបែបណាទើបអាចដឹងទៅ​ បើមនុស្សយើងមិនអាចទៅកៀកជិតនិងសត្វផងនោះ។អស់ចម្ងល់ហើយនៅពេលនេះ​ ដោយសារតែអង្គការក្រៅរដ្ឋាភិបាលមួយបានទម្លាយអំពីបច្ចេកទេសមួយចំនួនលើការតាមដាន​ អំពីការចល័តទីរបស់សត្វ​ ក្នុងនោះអង្គការខាងលើបានលើកយកនូវប្រភេទសត្វដំរី​ ជាឧទាហរណ៍​ និងបានបង្ហាញជាសាធារណះលើបណ្តាញសង្គមហ្វេសបុកដែលមានគណនីឈ្មោះអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិហៅកាត់ថាWWF cambodia។ អង្គការខាងលើបានរៀបរាប់ដូចខាងក្រោម៖

តើ​អ្នក​ដឹង​ទេ​ ថា​តើ​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​របស់​យើង​សិក្សា​បំលាស់​ទី​របស់​សត្វ​ដំរី​ក្នុង​ព្រៃ​ដោយ​របៀប​ណា​? ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​ បំពាក់​ក្រឡៅ​កសត្វ​ដំរីជាមួយ​នឹង​ឧបករណ៍​​ពិសេស​មួយ​ដែល​មាន​ប្រ​ព័ន្ធ​តាម​ដានទី​តាំង​ (GPS tracker)។

ដើម្បី​បង្កើត​បាន​ក្រុម​ការ​ងារ​មួយ​ដែល​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​ក្រឡៅ​ក​តាម​ដាន​សត្វ​ដំរី​នៅ​ក្នុង​តំបន់​ទេស​ភាព​ខ្ពង់​រាប​ភាគ​ខាង​កើត (EPL) WWF-កម្ពុជា​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តី​អំពី “​ការ​ដាក់​ក្រឡៅ​កតាម​ដាន​សត្វ​​ដំរី​“​ ដល់​ក្រុម​ការ​ងារ​​ចំនួន​ ១៧ នាក់​ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​សហគមន៍ ឧទ្យានុរក្ស ប៉ូលីស និង​ពេទ្យ​សត្វ​ មក​ពី​មន្ទី​រ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ រដ្ឋបាល​ព្រៃ​ឈើ និង​នាយក​ដ្ឋាន​ប៉ូលីស​ខេត្ត​ នៅ​ថ្ងៃ​ទី​២ ដល់​ទី​៥ ខែ​ឧសភា​ ឆ្នាំ​២០១៨ ក្នុង​ខេត្ត​មណ្ឌល​គិរី​។

គោល​បំណង​ចម្បង​​នៃ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ គឺ​គាំ​ទ្រ​ដល់​រដ្ឋា​ភិបាល​ក្នុង​ការ​បង្កើត​ក្រុម​ការ​ងារ​ថ្មី​មួយ​ ប្រកប​ដោយ​សមត្ថភាព​ ក្នុង​ការ​ដាក់​ក្រឡៅ​ក​តាម​ដាន​​សត្វ​ដំរី​ ដើម្បី​សិក្សា​ស្វែង​យល់​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ អំពី​បំលាស់​ទី​របស់សត្វ​ដំរី​ និង​ដោះ​ស្រាយ​ជម្លោះ​រវាង​មនុស្ស​ និង​សត្វ​ដំរី​ដែល​អាច​កើត​មាន​ឡើង​។

ក្រុម​ការ​ងារ​​បាន​ទទួល​ចំណេះ​ដឹង​ពេញ​លេញនៅ​ក្នុង​ថ្នាក់​រៀន​​ និង​ការ​អនុវត្ត​ជាក់​ស្តែង​​នៅ​ពេល​ចុះ​កម្ម​សិក្សា​។ មុន​ពេល​ដាក់​ក្រឡៅ​ក​តាម​ដាន​សត្វ​ដំរី​ វា​ជា​រឿង​ចាំ​បាច់​ក្នុង​ការ​បាញ់​ថ្នាំ​សន្លប់​សត្វ​តាម​បច្ចេក​ទេស​ត្រឹម​ត្រូវ​។ ដូច្នេះ​ហើយ​ ក្រុម​ការ​ងារ​បាន​រៀន​អំពី​កាយ​វិភាគ​សាស្ត្រ​ និង​អកប្បកិរិយា​របស់​សត្វ​ដំរី​ របៀប​​ប្រើ​ប្រាស់​ថ្នាំ​សន្លប់សត្វ​​ របៀប​បាញ់​ថ្នាំ​សន្លប់​លើ​សត្វ​ ព្រម​ទាំង​យន្ត​ការ​ចាំ​បាច់​នានាក្នុង​ការ​ដាក់​ក្រឡៅ​ក​តាម​ដាន​សត្វ​ដំរី ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ចំនួន​ពីរ​ថ្ងៃ​ដំបូង។ ចំណែក​ឯ​ពីរ​ថ្ងៃ​ចុង​ក្រោយ​នៃ​វគ្គ​បណ្តុះ​បណ្តាល​ ក្រុម​ការ​ងារ​ធ្វើ​ដំណើរ​ទៅ​កាន់ ជ្រលង​ដំរី​​ (Elephant Valley Project) ដើម្បី​ធ្វើ​ការ​អនុវត្ត​ជាក់​ស្តែង​។ ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ ក្រុម​ការ​ងារ​ត្រូវ​ហ្វឹក​ហាត់​ឱ្យ​ក្លាយ​ជា​អ្នក​បាញ់​ថ្នាំ​សន្លប់​សត្វ​ដ៏​ពូ​កែ​ជាមុន​សិន​​។ ពួក​គាត់​បាន​សាក​ល្បង​ការ​ប្រើ​ចំណុះ​ថ្នាំ​សន្លប់​ក្នុង​សឺ​រាំុង​បាញ់​ថ្នាំ​ និង​ហ្វឹក​ហាត់​បាញ់​គ្រាប់​សឺរាំុង​ ឱ្យ​ចំ​ដើម​ចេក​ដែល​ជា​គោល​ដៅ​សាក​ល្បង​​ ម្តង​ហើយ​ម្តង​ទៀត​ ស្ទើ​ពេញ​មួយ​ថ្ងៃ​ រហូត​ក្រុមការ​ងារ​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​ថ្នាំ​សន្លប់​សត្វ​បាន​ត្រឹម​ត្រូវ​ និង​បាញ់​ថ្នាំ​សន្លប់​សត្វ​ចំ​គោល​ដៅ​បាន​ល្អ​។ បន្ទាប់​ពី​ក្រុម​ការ​ងារ​មានភាព​ជឿ​ជាក់​ក្នុង​ការ​ប្រើ​ថ្នាំ​សន្លប់​សត្វ​ និង​បាញ់​ថ្នាំ​សន្លប់​សត្វ​ ពួក​គាត់​បានធ្វើ​ការ​បាញ់​ថ្នាំ​សន្លប់​​សាក​ល្បងលើ​សត្វ​គោ​ចំនួន​ពីរ​ក្បាល និង​បាន​អនុវត្ត​រាល់​យន្ត​ការ​ចាំ​បាច់​ក្នុង​ការ​ដាក់​ក្រឡៅ​កតាម​ដាន​​សត្វ​ ក្នុង​ពេល​កំពុង​សាក​ល្បង​នេះ​។​​

ក្រុម​ការ​ងារ​នឹង​បន្ត​វគ្គ​បណ្តុះ​បណ្តាលស្តី​អំពី​ការ​បាញ់​ថ្នាំ​សន្លប់​ និង​ដាក់​ក្រ​ឡៅ​ក​តាម​ដាន​សត្វ​ដំរី​​នៅ​ប្រទេស​ឥណ្ឌា​ជា​មួយក្រុម​អ្នក​ជំនាញអន្ត​រជាតិ​ រយៈពេល​មួយ​សប្តាហ៍​ទៀត ក្នុង​ខែឧសភា​​នេះ​។ នៅ​ពេល​ដែល​ពួក​គាត់​ត្រឡប់​មក​វិញ​ ពួក​គាត់​អាច​ចាប់​ផ្តើម​ការ​ងារ​ពិត​ប្រាកដ​ក្នុង​ការ​បាញ់​ថ្នាំ​សន្លប់ និង​ការ​ដាក់​ក្រឡៅ​កតាម​ដាន​​សត្វ​ដំរី​ ក្នុង​តំបន់​ទេស​ភាព​ខ្ពង់​រាប​ភាគ​ខាង​កើត (EPL) ក្នុង​ខេត្ត​មណ្ឌល​គិរី​៕ដោយ សាត​ ចាន់បុត្រ