ទីបញ្ជាការវរសេនាតូច៣៧៣ ប្រារព្វពិធីសាកល្បង លំហាត់យុទ្ធដំណើរទ័ពអន្តរាគមន៍ នៅក្នុងភូមិសាស្ត្រព្រៃភ្នំ តំបន់ប្រាសាទព្រះវិហារ!

0

ព្រះវិហារ: នាយទាហាន នាយទាហានរង និងពលទាហាន វរៈសេនាតូច៣៧៣ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានប្រារព្វពិធីសាកល្បង លំហាត់យុទ្ធដំណើរទ័ព អន្តរាគមន៍ នៅក្នុងភូមិសាស្រ្តព្រៃភ្នំ តំបន់ប្រាសាទព្រះវិហារ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៧។

លោកវរៈសេនីយ៍ឯក ឌី សុវណ្ណារិទ្ធ មេបញ្ជាការ វរៈសេនាតូច៣៧៣ បានបញ្ជាក់ថា ភូមិសាស្ត្រដែលត្រូវសាកល្បង ធ្វើយុទ្ធដំណើរ គឺសំបូរទៅដោយព្រៃក្រាសប្រមាណជា៥០% ព្រៃរបស់ និងវាលស្រែចំការ របស់ប្រជាពលរដ្ឋដោយកន្លែងចំនួន៥០%។

លោកបន្តថា ការសាកល្បងលំហាត់យុទ្ធដំណើរ ដោយថ្មើរជើង ចេញពីទីបញ្ជាការវរៈសេនាតូច៣៧៣ ដោយមានអាវុធសរុបចំនួន២៦៨ដើម រួមមាន÷ K៥៤ ចំនួន១៧ដើម AK៤៧ ចំនួន១៩៣ដើម កាំភ្លើងបាញ់ត្រីណាត ៣១ដើម កាំភ្លើងយន្តធនធ្ងន់ ២១ដើម កាំភ្លើងត្បាល់៦០mm ២ដើម កាំភ្លើងត្បាល់៨២mm ១ដើម កាំភ្លើងស្វាយប្រវត្តិធនធ្ងន់ ១ដើម និងDK៧៥mm ចំនួន២ដើម ដោយប្រើពេលពេញមួយថ្ងៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក វរៈសេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧។

មេបញ្ជាការវរៈសេនាតូច៣៧៣ បានបញ្ជាក់ បន្ថែមអោយដឹងទៀតថា ក្រោយពីធ្វើការសាកល្បង អស់រយះពេលពេញមួយថ្ងៃរួចមក ឃើញថាយើងទទួលបានលទ្ធផលល្អ ដោយសារនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានការទទួលខុសត្រូវ ពិសេសគោរពបទបញ្ជា និងវិន័យទូរទៅ របស់កងយោធពលខេមរភូមិន្ទ។ លោកថា ចំពោះការជោគជ័យថ្ងៃនេះ គឺដោយសារការជួយ ឧបត្ថម្ភគាំទ្រ នូវថវិការ ៣០០០រៀលក្នុងមួយថ្ងៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយនិងថវិការហូបប្រចាំថ្ងៃរបស់អគ្គមេបញ្ជាការក្រសួងការពារជាតិ ជួយឧបត្ថម្ភបន្ថែមពីលើ តាមរយះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្រោមការណែនាំ ចង្អុលបង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ផងដែរ៕សួនលីណា​ផ