បរទេស ៖ យ៉ាងហោចណាស់ក៏នៅមានមនុស្សចំនួន៣នាក់ដែរ ដែលបានរួចផុតពីការស្លាប់និងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ នៅក្នុងឧប្បទ្ទវហេតុ នៃការធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្នុងប្រទេសគុយបា បន្ទាប់ពីបានធ្វើការហោះហើរចេញពីព្រលានយន្តហោះអន្តរាជាតិនៃទីក្រុង ហាណាវ៉ា នៃរាជធានីរបស់ប្រទេសគុយបា មិនបានប៉ុន្មាននាទីផង ។នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នេះ ព័ត៌មានដែលយើងទទួលបានគឺ មានយន្តហោះ១គ្រឿងឈ្មោះ គុយបាណា ប្រភេទបូអុិញ ៧៣៧ បានដឹកអ្នកដំណើរសរុបចំនួន១០៤ នាក់ និងមានអាកាសយានិក ចំនួន៩ នាក់ផងដែរ បានធ្វើការហោះហើរចេញពីព្រលានយន្តហោះអន្តរជាតិ Jose Marti ឆ្ពោះទៅភាគខាងកើតនៃប្រទេសក្នុងរដ្ឋ Holguin ។របាយការណ៍បានបន្តថា ការហោះហើរនេះគឺទើបតែហោះឡើងមិនបានប៉ុន្មាននាទីផងស្រាប់តែយន្តហោះត្រូវជួបនឹងឧប្បទ្ទវហេតុអ្វីម៉្យាង ក៏បានដាំក្បាលធ្លាក់ចុះទៅក្នុងចំការដើមប្រេងខ្យល់ បណ្តាលអោយផ្ទុះឆេះឡើងសន្ធោសន្ធៅតែម្តង ដោយនៅមិនឆ្ងាយពីព្រលានយន្តហោះនោះឡើយ ទើបតម្រូវអោយក្រុមសង្គ្រោះចេញដំណើរទៅជួយភ្លាមៗ ។នៅពេលនោះដែរ គេសង្គេតឃើញថា លោកប្រធានាធិបតីរបស់ប្រទេសគុយបា ក៏បានចុះផ្ទាល់ទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យលើហេតុការណ៍នេះ ដោយប្រភពមួយចំនួនបាននិយាយថា នៅក្នុងចំណោមមនុស្សទាំង ១១៣ នាក់ គឺយ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែរ ដែលបានរួចផុតពីសេចក្តីស្លាប់ ដែលបច្ចុប្បន្នកំពុងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ៕