ព្រះវិហា: ឯកឧត្តម ដួង សំនៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំស្រអែម នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨
បានលើកឡើងថា “ក្នុងនាមយើងជាប្រជាជនខ្មែរម្នាក់ យើងត្រូវតែទៅចូលរួមបោះឆ្នោត ដើម្បីធ្វើការជ្រើសរើស យកមេដឹកនាំល្អ ដែលមានស្នាដៃ ក្នុងការដឹកនាំប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ”។ ដោយមិនត្រូវនាំគ្នាជឿតាមការញុះញង់ ភូតកុហក់ បោកប្រាស់ និងបង្ករនូវភាព ចលាចល របស់ក្រុមជនអគតិមួយចំនួន ដែលមានបំណងអោយកម្ពុជា ធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដូចកាលពីសម័យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ប្រសាសន៍លើកឡើងបែបនេះ នៅក្នុងពិធីប្រារពខួប២០ឧសភា “ទិវាជាតិនៃការចងចាំ” ជូនជនរួមជាតិ ដែលបានបាត់បង់អាយុជីវិត ដោយសារឧក្រិដ្ឋកម្មក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ពិធីបានប្រារពធ្វើឡើង នៅក្នុងបរិវេណវត្តមរតកតេជោបុរីស្វរៈ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ ដោយមានការ ចូលរួមពីបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ប្រមាណជិត ៣០០នាក់។
ឯកឧត្តម ដួង សំនៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំស្រអែម បានលើកឡើងបន្ថែមថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ សភាជាតិ បានអនុម័ត ដោយកំណត់យកថ្ងៃ២០ ឧសភា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកវិញ្ញាណខន្ធ របស់ជនរួមជាតិទាំងអស់ ដែលបាត់បង់អាយុជីវិត បែកបាក់ ព្រាត់ប្រាស់គ្រួសារញាតិមិត្ត ឈឺចាប់ខ្លោចផ្សារងនូវអំពើទារុណកម្ម សម្លាប់រង្គាលឃោឃៅយ៉ាងព្រៃផ្សៃ និងអយុត្តិធម៌បំផុត ក្នុងរបបកម្ពុជាប្រជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ប៉ុលពត ដែលយើងទាំងអស់គ្នាចងចាំមិនអាច់បំភ្លេចបាន។
ដូច្នេះយើងទាំងអស់ត្រូវចូលថែរក្សាសុខសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ អោយបានគង់វង្សជារៀងរហូត ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះឯកឧត្តម ដួង សំនៀង សមាជិកគណៈកម្មាធិការកណ្តាល បានឧបត្ថម្ភថវិការចំនួន៥០មឺុនរៀល ដល់ព្រះគ្រូចៅអធិកាវត្ត មរតកតេជោបុរីស្វរៈសម្រាប់ចាត់ចែងកសាង នូវ នូវសមិទ្ធិផលបន្ថែមក្នុងវត្ត ឧបត្ថម្ភថវិការចំនួន៦៥មឺុនរៀលដល់គណបក្សឃុំ និងចែកជូនប្រជាពលរដ្ឋ លោកយាយ លោកតា ២៥០នាក់ ក្នុងម្នាក់ថវិការ១មឺុនរៀលផងដែរ៕សួនលីណា





































