រថយន្តក្រុងក្រុមហ៊ុន នុនបូរីដឹកអ្នកដំណើរ ត្រូវបានអ្នកតាមព្រៃភ្នំកាច់

0

កំពង់ធំៈ ក្រុមហ៊ុននុនបូរី ដឹកអ្នកដំណើរ រកស៊ីមិនសូវកាកកប ឆ្លៀតដូចត្រីងៀតឆ្លៀតពង ដោយលួចដឹក​ជញ្ជូនឈើប្រណិត ប្រភេទធ្នងបង្កប់ជាមួយនឹងការដឹកអ្នកដំណើរ ត្រូវបានធំក្លិនដល់សមត្ថកិច្ចរដ្ឋបាលព្រៃ ឈើខេត្តកំពង់ធំ ឃាត់ ហើយនាំយកមករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ។

រថយន្តក្រុងជាកម្មសិទ្ធរបស់ក្រុមហ៊ុននុនបូរី ពណ៌ខៀវលាយស ប្រភេទហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3-4545 បានដឹកអ្នកដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅភ្នំពេញ  ដោយបានបើកបរនៅលើកំណាត់ ផ្លូវជាតិលេខ៦ មកដល់ចំនុច ភូមិធន់មោងឃុំកំពង់ថ្មស្រុកសន្ទុកខេត្តកំពង់ធំវេលាម៉ោ១២ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ ក៏ត្រូវបាន សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងនិងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មស្ទាក់ចាប់រថយន្តបានតែម្តង ដោយសារលួចដឹកឈើប្រណិតដោយគ្មានច្បាប់អនុញ្ញាតិ។

រថយន្តក្រុងដឹកអ្នកដំណើរ ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ក៏បានប្រទះឃើញមានឈើ ឈើធ្នង់ចំនួន២៩ដុំស្មើរ០.៦២០ម៉ែត្រគូប ហើយក៏បាននាំយករថយន្តមក រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ព្រម​ទាំង​បាន ទុកឳកាសឲ្យម្ចាស់ក្រុមហ៊ុននុនបូរី ឬតំណាងក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយ និងផាកពិន័យ​តាមផ្លូវច្បាប់ បើយោងតាមប្រភពព័ត៌មាន បានខ្សឹបប្រាប់ថា អោយតែរថយន្តក្រុងដឹកអ្នកដំណើរ មកពីខេត្ត ព្រះវិហារ គឺដាក់ឈើមកជាមួយស្ទើរតែទាំងអស់ហ្នឹងឯង តែតៃកុងឡានបានសែនអ្នកតាដែលចាំថែរក្សាតាម ផ្លូវគ្រប់ តាំងពីអ្នកតាព្រៃឡង់ អ្នកតាស្រុក អ្នកតាស្រែ អ្នកតាខាងម៉ែ អ្នកតាខាងឳ  ទើបបានសុខ តែចំពោះ រថយន្តមួយគ្រឿងនេះ សង្ស័យក្បត់អ្នកតាណាម្នាក់ហើយ ទើបបានកាច់ស្រស់អញ្ចឹង ។

ដោយ  ប៊ុន  រដ្ឋា