ព្រះវិហារ: សិក្ខាកាមប្រមាណជាង៣០០នាក់ របស់វរសេនាតូច៣៧៣ បានប្រារពពិធីបិទវគ្គហ្វឹកហ្វឺនជំនាញលំហាត់របៀប លំនាំកងយោធពលខេមរភូមិន្ទ ក្រោមវត្តមានឯកឧត្តម
ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោ សេច យិន នាយការិយាល័យហ្វឹកហ្វឺន បានបញ្ជាក់ថា ចំពោះការហ្វឹកហ្វឺននេះ មានរយះពេល១ខែកន្លះ ដោយចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ដោយមុខវិទ្យារួមមាន÷ ១.លំហាត់យុទ្ធវិធីដំណើរទ័ព ២.ការងារបច្ចេកទេស ៣.ការងារភស្ភុភារសុខាភិបាល និងទី៤.វិទ្យាសាស្ត្រសង្គម ដែលមានសិក្ខាកាមចូលរួមសិក្សាចំនួន៣៣០នាក់។
លោកបន្តថា ក្រោយពីសិក្សាអស់រយះពេលជាង១ខែកន្លងមកនេះ ឃើញថាសិក្ខាកាម ទាំងគ្រូបង្វឹកបានចូលរួមយ៉ាងសកម្ម ធ្វើអោយកម្មវិធីហ្វឹកហ្វឺនខាងលើនេះទទួលបានជោគជ័យ។
ក្នុងនោះ សិក្ខាកាមដែលទទួលបាននិតេសល្អឆ្នើម មានចំនួន១៨នាក់ ស្មើនិង៦% និតេសល្អចំនួន៤៥នាក់ ស្មើនិង ១៥% និតេសល្អបង្គួរចំនួន១៥៦នាក់ ស្មើនិង៥២% និងមធ្យមចំនួន៨១នាក់ ស្មើនិង២៧%។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានធ្វើការវាយតំលៃកោតសរសើខ្ពស់ ចំពោះការខិតខំប្រឹង ប្រែងសិក្សារៀនសូត្រ របស់ប្អូនៗ ក៍ដូចជាក្រុមគ្រូទាំងអស់ ដែលខិតខំបង្ហាត់បង្ហាញដល់ប្អូនៗ តាំងពីដំណើរការបើកវគ្គ រហូតដល់ថ្ងៃបញ្ចប់ហើយទទួលបានលិទ្ធផលល្អប្រសើរ។
ឯកឧត្តមសង្ឃឹមថា ក្រោយពីបានបញ្ចប់វគ្គនេះទៅ នាយនិងពលទាហានរបស់យើង និងយកការចេះដឹងនេះ ទៅអនុវត្ត នៅតាមអង្គភាពរៀងខ្លួនបានយ៉ាងល្អប្រសើរ សំដៅរួមចំណែកក្នុងការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។ ពិសេសមិនត្រូវយកខ្លួនយើង ទៅពាក់ព័ន្ធជាមួយគ្រឿងញៀន ព្រោះថាគ្រឿងញៀនវាធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមគ្រួសារ អង្គភាព ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕សួនលីណា




































