កំពង់ធំៈ មានភាពមិនប្រកតីមួយ បានធ្វើឲ្យប្រជាពលរដ្ឋកើតទុកមិនសុខចិត្ត ដោយលោកស្រី គុំ វុន និង លោក សួន ឈឿង បានអះអាងថា ដីមួយកន្លែងនេះគាត់បានត្រួសត្រាយចាប់តាំងពីឆ្នាំ២០០៨ លុះដល់ឆ្នាំ២០១៤ លោកមេភូមិរំចេក បានធ្វើលិខិតកាន់កាប់ដីនេះ រហូតមកដល់បច្ចុប្បន្ន តែអកុសល ដីចំនួន៨៥មែត្រ ត្រូវបានលោក ប្រាក់ មិន មេឃុំសុខចិត្រ បានប្រាប់ថា ជាដីសម្បទានសង្គមកិច្ច ហើយបានកាត់ដីរបស់គាត់ចំនួន៦០ម ក្បាលដីយកទៅលក់ឲ្យឈ្មួញ ឈ្មោះរិទ្ធ និងប្រពន្ឋឈ្មោះ មុំ លក់ដូរនៅផ្សារទំរីង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោកស្រី គុំ វុន បានឲ្យដឹងថា ដីរបស់គាត់បានដាំដំណាំដាំដុះ ដំឡូង ស្វាយចន្ទី ជារៀងរាល់ឆ្នាំ មិនដែល អាកខានឡើយ ក្រោយពីគាត់ទៅចំណាក់ស្រុកនៅប្រទេសថៃ៤ខែ មកវិញត្រូវបានគេយកគ្រឿងចក្រមក ឈូសដំឡូង និងស្វាយចន្ទីគាត់ចោល ហើយបានយកដីដែលមានក្បាល៦០ ដែលជាដីកម្មសិទ្ធរបស់គាត់ ទៅលក់ឲ្យឈ្មួញ ដោយបានកុហកប្រជាពលរដ្ឋស្លូតត្រង់ថា យកដីទាំងនេះទៅចែកឲ្យប្រជាពលរដ្ឋ ដែលមកពីច្រាំងបាក់ចំនួន៥ គ្រួសារ តែតាមពិតដីទាំងនេះពុំបានដល់ប្រជាពលរដ្ឋទាំងនោះទេ គឺបានដល់ឈ្មួញទៅវិញ ទើបលោកស្រី គុំ វុន និងលោកសួន ឈឿង ដែលជាអតីតយុទ្ធជន សុំអង្វរនិងសំណូមពរដល់លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង និងសុំឲ្យប្រគល់ដីឲ្យគាត់វិញ ។
លោកប្រាក់ មិន មេឃុំសុខចិត្រ បានប្រាប់តាមទូរស័ព្ទថា ដីទាំងនេះជាដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋនៅឃុំច្រាំងបាក់ ចំនែកលោក រិទ្ធ ដែលប្រពន្ឋឈ្មោះមុំ ដែលរស់នៅផ្សារទំរីង គឺគេបានទទួលចំណែកដែរ ព្រោះគេមានឈ្មោះទទួល លោកប្រាក់មិនលោកបានបញ្ជាក់ថា បើចង់ដឹងច្បាស់ឲ្យសួរលោក ម៉ាក់ ប៊ុនហុង ដែលជាអភិបាលក្រុងស្ទឹងសែនបច្ចុប្បន្ន ។
លោកម៉ាក់ ប៊ុនហុង បានបញ្ជាក់តាមទូរស័ព្ទ កាលពីលោកជានាយករដ្ឋបាល គឺបានបែងចែកជាមួយគណកម្មការ មានសូរិយោដីចូលរួមបានត្រឹមត្រូវអស់ហើយតាំងពីឆ្នាំ២០០២ចំណែករឿងលក់ដូរទើបកើតខែ៦ ឆ្នាំ ២០១៧នេះ គឺផុតដែនសមត្ថកិច្ច របស់លោកហើយ និងមិនត្រូវឆ្លើយដាក់លោកទេ។
សរបញ្ជាក់ឲ្យឃើញពីភាពមិនប្រកតីកាន់ច្បាស់ ដោយសារតែប្រជាពលរដ្ឋនៅច្រាំងបាក់ពុំបានទទួលបែរជាឈ្មួញបានទទួលដីសម្បទានសង្គមកិច្ចទៅវិញ បើយោងតាមប្រភពព័ត៌មានបាននិយាយថាមូលហេតុដែលឈ្មួញបានទទួលដីនេះគឺដោយសារគេដាក់ឈ្មោះខ្មោច។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានយកចិត្តទុកដាក់លើករណី មិនប្រកតីរបស់លោកស្រី គុំ វុន និង លោក សួន ឈឿង ដែលបានបាត់បង់ដី ហើយបានសន្យាថា លោកនិងស្រាវជ្រាវឲ្យឃើញការពិត និងរកយុត្តធម៌ជូន ទោះជាផុតដែនសមត្ថកិច្ចរបស់លោកក៏ដោយ ប្រជាពលរដ្ឋកំពុងតែទទឹងចាំមើលថា តើមានប្រជាពលរដ្ឋមកពីច្រាំងបាក់ ប៉ុន្មាននាក់បានទទួលដីនេះ ។ ដោយ ប៊ុន រដ្ឋា