ភ្នំពេញ ៖ រថយន្តលុចស៊ីសLX470 មួយគ្រឿងបើកក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកែងបែកជាបួនមិនបន្ថយល្បឿនក៏មានរថយន្តមួយគ្រឿងទៀតបើកកាត់ឆ្លងផ្លូវធ្វើអោយបុកគ្នាចំពេញទំហឹងចំកណ្ដាលផ្លូវបណ្ដាលអោយរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវលេខ៣៦០កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តលុចស៊ីLX470 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-8699 ជិះធ្វើដំណើរដោយបុរសម្នាក់និងស្ត្រីម្នាក់ តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកែងលេខ៣៦០ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកមែកសឺដែស S320 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-9293 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីលិចទៅកើតឆ្លងផ្លូវ ធ្វើអោយរថយន្តទាំង២គ្រឿងបុកគ្នាចំពេញទំហឹងនៅកណ្ដាលផ្លូវបណ្ដាលអោយរងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាជាង១ម៉ោងទើបសម្រេចយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿង ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ៕