បន្ទាយមានជ័យ : ក្រោយបង្ក្រាបសត្វព្រៃជិត៧០០ក្បាលនៅក្បែរព្រំដែនកម្ពុជានាស្រុកម៉ាឡៃ សមត្ថកិច្ចចម្រុះនៅថ្ងៃទី២៩ខែឧសភាបាននាំវាទៅព្រលែងនៅតំបន់អភិរក្សអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ចាបសុផារឹទ្ធិ ស្នងការរងទទួលជានាយការិយាល័យកណ្តាលនគរបាលបង្ក្រាបបទល្មើសនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: កាលពីម៉ោង១០កន្លះយប់ថ្ងៃទី២៧ខែឧសភា កន្លងមកនៅលើផ្លូវជាតិលេខ៥៩ ក្បែរព្រំដែនកម្ពូជា ថៃ ក្នុងភូមិអូរស្អំឃុំអូរស្រឡៅស្រុកម៉ាឡៃ កំលាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានបានឃាត់រថយន្តតូយ៉ូតាតាកូម៉ា១បាំងកន្លះ១គ្រឿង ដែលបានល្មើសដឹកជញ្ជូនសត្វព្រៃចំនួន ៦៨៨ក្បាលស្មើ ៧២១គីឡូក្រាម ។ប៉ុន្តែដោយសារការស្តុក ច្រកហប់ណែនពេក និងយូរថ្ងៃ សត្វអន្សងបានងាប់អស់ ១៩ក្បាល ស្មើរ ១០៦គក្រ ។
លោកបន្តថា : ការបង្ក្រាបនោះ មានការបញ្ជា ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ក្រោពីនាំមកស្នងការដ្ឋាន ថ្នាក់ដឹកនាំបានអោយនគរបាលជំនាញប្រគល់សត្វព្រៃទាំងនោះទៅអោយខ័ណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទិរកសិកម្មខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ខែឧសភា ដោយមានលោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើទទួល និងថែរក្សាបណ្តោះអាសន្ន។
លុះដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បាននាំសត្ថអណ្តើកនិងអន្សងទាំងនោះទៅធ្វើពីធីសូត្រប្រោសព្រំ និងព្រលែងនៅតំបន់អភិវឌ្ឍន៍អាងត្រពាំងថ្មនាស្រុកភ្នំស្រុក ។
លោកប៉ាង វណ្នាសេដ្ឋ ប្រាប់ ថា : ទន្ទឹមនឹងការខិតខំ ស្រាវជ្រាវទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃទាំងក្នុងភូមិសាស្ត្រ ទាំងនៅព្រំដែនជាបន្តបន្ទាប់នោះ. មន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរក៏បានបង្កើនការអភិរក្ស ការពារសត្វព្រៃចាស់និងនាំសត្វព្រៃថ្មីបែបនេះទៅព្រលែងនៅទីសុវត្ថិភាពផងដែរ។
សូមរំលឹកដែរថា សត្វព្រៃខាងលើ ត្រូវបានអ្នកបើករថយន្ត លោក សោម កែវ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បញ្ជាក់ថា គាត់ជាអ្នកស៊ីឈ្នួលដឹកឱ្យឈ្មួញឈ្មោះ ជីម និងឈ្មោះ ភ័ណ នៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ។
ឈ្មួលដឹក១ជើងថ្លៃ១០ម៉ឺនរៀល ។ហើយការដឹកសត្វព្រៃឆ្លងដែនមានរយៈពេល១ឆ្នាំមកហើយ។ដឹកចេញពីច្រករបៀងជិតវត្តឡងខង ,ច្រករបៀងអរប៉ នៅជិតវត្ត៩៣ និងច្រករបៀងជិតរោងវែងក្នុងឃុំអូរស្រឡៅស្រុកម៉ាឡៃ៕ដោយ៖ឃិន គន្ធា