រថយន្តបាឡែនជាង១០គ្រឿងសម្រុកដឹកឈើប្រណិតទៅប្រទេសវៀតណាម សមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានបើកភ្លើងខៀវទៅយ៉ាងកគ្រឹកកគ្រេង

0

ខេត្តរតនគិរី÷ រថយន្តបាឡែន ជាង១០គ្រឿងដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់នឹងបង្ក្រាបឡើយ ដែរឈរជើងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចាប់ពីស្រុកបកែវរហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។ជាក់ស្តែងនៅព្រឹកប្រលឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ គេបានឃើញរថយន្តលុចស៉ីស វីហ្គោរ នឹងបាឡែន ដឹកជញ្ជូនឈើប្រណិតយ៉ាងកគ្រឹកកគ្រេងទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយសមត្ថកិច្ចដែលយាមតាមដងផ្លូវជាតិទាំងនោះ រួមមាន នគរបាលក្រសួងមហាផ្ទៃ យោធាស្រុក យោធាខេត្ត យោធាវរការពារព្រំដែនគោកលេខ១០២ នគរបាលការពារព្រំដែនគោកលេខ៦២៣ នឹងកម្លាំងប៉េអឹមលើផ្ទៃប្រទេសផងដែរ ដែលឈរជើងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨មិនបានទប់ស្កាត់នោះទេ។

បើរថយន្តដឹកឈើមួយណាមិនបានប្រាប់សមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាតិលេខ៧៨ នៅស្រុកអូរយ៉ាដាវនោះ គេនឹងបង្ក្រាបភ្លាមៗតែម្តង ។

រថយន្តបាឡែនដឹកឈើប្រណិតទាំងនេះដែលមានពាក់ស្លាកលេខសំម្គាល់ឲ្យសមត្ថកិច្ចបានដឹង ១-រថយន្ត បាឡែន(ពណ៌ស) ពាក់ស្លា្លកលេខ 4384 ២-រថយន្ត បាឡែន (ពណ៌ត្រេអ៉ី) ពាក់ស្លាកលេខ6381 ៣-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ9636 ៤-រថយន្ត បាឡែន (ពណ៌ប្រផេះ) ពាក់ស្លាកលេខ8531 ៥-រថយន្ត បាឡែន (ពណ៌ខ្មៅអត់ស្លាកលេខមុខក្រោយ) ៦-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ8335 ៧-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ 8355 ៨-រថយន្ត ឡុចស៉ីស470 (ពណ៌ខ្មៅ) ពាក់ស្លាកលេខភ្នំពេញ 2N-0340 ៩-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ1620 ១០-រថយន្ត បាឡែន (ពណ៌ស អត់ស្លាកលេខមុខក្រោយ) នឹង១១- រថយន្ត វីហ្គោរ (ពណ៌ខ្មៅ) ពាក់ស្លាកលេខភ្នំពេញ 2D-8641 ។

ជុំវិញបញ្ហាខាងលើនេះ លោក ធឿន ប្រធានក្រុមគោលដៅ កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ថា ដោយសារលោកពុំមានកម្លាំងគ្រប់គ្រាន់ទៅទប់ស្កាត់រថយន្តដឹកឈើទាំងនោះទេ គឺមានកម្លាំងពីបីនាក់ប៉ុណ្ណោះមិនអាចធ្វើបានទេ ហើយថ្នាក់លើមិនឲ្យដេញឡានទេ រួចហើយឲ្យទៅទាក់ទងកងរាជអាវុធហត្ថមូលដ្ឋានទៅ។

លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ ទូរស័ព្ទចុចចូលមិនមានអ្នកទទួល។

ចំណែក លោក អ៊ី ចំរើន ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ខែឧសភានេះ ថា លោកកំពុងជាប់មកបេសកកម្មនៅភ្នំពេញ ឲ្យទៅសួរលោកប្រធានស្នាក់ការនៅច្រកទ្វារទៅ លោកមានតួនាទីជាអនុប្រធានទេ។

ដោយឡែក លោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានឲ្យដឹងតាមទូរស័ព្ទថ្ងៃដដែលនេះ ថា លោកមិនបាននៅច្រកទ្វារនោះទេ ឲ្យទៅសួរនគរបាលអន្តោប្រវេសន៍ជាអ្នកកាន់បារ៉ាសនោះទៅ គាត់ជាប់រវល់នៅឆ្ងាយ។

គឺសបញ្ជាក់ឲ្យឃើញថា សមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរអូរយ៉ាដាវមួយនេះមិនទទួលខុសត្រូវចំពោះបទល្មើសព្រៃឈើដែលបានហូរចូលយ៉ាងកគ្រឹកកគ្រេង ប៉ុន្តែសារព័ត៌មានបានសួរនាំគឺសមត្ថកិច្ចទាំងនេះបានរុញដាក់គ្នាទៅវិញទៅមក៕ យក្ខឡោម