កំពង់ចាម: នេះជាលើកទី៤ហើយដែលសមត្ថកិច្ចខេត្តកំពង់ចាម បានចុះធ្វើការត្រួតពិនិត្យ ឆែកឆេរ និងធ្វើតេស្ដទឹកនោមស្វែងរកសារធាតុញៀនលើអ្នកបើកបរនិងព្រូរថយន្ត ដែលវិធានការនេះត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ដោយលើកទី១ឃាត់ខ្លួនបានអ្នកជាប់ពាក់ព័ន្ធ៣៦នាក់ លើកទី២ចំនួន១៦នាក់ លើកទី៣បាន២៣នាក់ និងលើកទី៤នេះគឺរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន១៩នាក់ផងដែរ។
ការអនុវត្តន៍វិធានការនេះ ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី អិុត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មេីស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យចរាចរណ៍ និងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ ចុះត្រួតពិនិត្យឆែកឆេរ និងធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀន លើកទី៤ លេីអ្នកបេីកបរ និងព្រូ រថយន្តក្រុង រថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណេីរ នៅលើកំណាត់ផ្លូវជាតិ៦ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានហៅអ្នកបេីកបររថយន្ត៥០គ្រឿង ធ្វើតេស្ដទឹកនោមស្វែងរកសារធាតុញៀន១០៣នាក់ ជាលទ្ធផលធ្វើតេស្ដវិជ្ជមាន១៩នាក់។
ក្រោយពីការធ្វើតេស្តទឹកនោម រួចមក នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ បានអញ្ជើញជួបជាមួយអ្នកប្រើប្រាស់គ្រឿងញៀនទាំងនោះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការអប់រំ ព្រមទាំងចែកថ្នាំព្យាបាល ផ្តាច់គ្រឿងញៀន ឲ្យពួកគេយកទៅប្រើប្រាស់ផងដែរ។
មានប្រសាសន៍ក្នុងការជួបជាមួយអ្នកប្រើប្រាស់គ្រឿងញៀននោះដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការប្រើប្រាស់គ្រឿងញៀន គឺជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែនេះជាវិធានការអប់រំលើកទី៤ ត្រឹមតែអប់រំអោយបញ្ឈប់ ប្រសិនបើនៅតែប្រព្រឹត្តតទៅទៀត គឺត្រូវធ្វើតាមនីតិវិធីច្បាប់ដោយមិនមានការលើកលែងឡើយ។ ដោយឯកឧត្តមបញ្ជាក់ដែរថា ការធ្វើការអប់រំនេះធ្វើឡើង៤លើកតែប៉ុណ្ណោះ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ចាប់ពីការអប់រំគ្រាប់ចំនួន៤លើកនេះតទៅ។
ឯកឧត្តមបានផ្តាំផ្ញើដល់ប្អូនៗ ដែលជាអ្នកបើកបរនិងជំនួយការបើកបរទាំងអស់សូមកុំបន្តប្រើប្រាស់គ្រឿងញៀនតទៅទៀត ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពខ្លួន ខូចកិត្តិយសក្រុមគ្រួសារ និងប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ជាពិសេសសារធាតុញៀនទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់កូនរបស់ខ្លួនផងដែរ។ ដើម្បីឲ្យខ្លួនជៀសចាកឆ្ងាយពីគ្រឿងញៀនសូមអ្នកបើកបរទាំងឡាយ មេត្តាឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀត ដែលធ្វើអោយប៉ះពាល់សុខភាពខ្លួនឯង ការបើកបរ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងគ្រោះថ្នាក់ដល់ខ្លួនឯងដែរ និងប៉ះពាល់ដល់សង្គមជាតិ ព្រោះសារធាតុញៀននេះអាចអោយអ្នកប្រើប្រាស់ ឆ្កួត មានអារម្មណ៍រវើរវាយ បាត់បង់ម្ចាស់ការលើខ្លួនឯង មានអត្តចរិតឃោឃៅ ប្រសិនបើខ្លួនមានផ្ទុកសារធាតុញៀន ហើយសូមអញ្ជើញទៅទទួលថ្នាំបន្សាបគ្រឿងញៀននៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួនរាងៗខ្លួន។
មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានអោយក្រុមគ្រូពេទ្យយកថ្នាំងបន្សាបគ្រឿងញៀន មកចែកជូនដល់អ្នកផ្ទុកសារធាតុញៀនទាំងនោះ ដើម្បីយកទៅប្រើប្រាស់កុំអោយប្រព្រឹត្តបន្តទៀត។
សូមបញ្ជាក់ផងដែរថា វិធានការអប់រំអ្នកបើកបររថយន្តដែលមានផ្ទុកសារធាតុញៀន របស់អាជ្ញាធរខេត្តកំពង់ចាម បានគ្រប់ចំនួន៤លើកមកហើយ ដែលនឹងបន្តវិធានការផ្លូវច្បាប់វិញម្ដង ៕