ចាប់ខ្លួនជនសង្ស័យជាឃាតករម្នាក់ទៀតក្នុងអំពើឃាតកម្មវាយសម្លាប់ជនរងគ្រោះជាងកាត់សក់ប្លន់យកម៉ូតូនៅក្រុងសិរីសោភ័ណ

0

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខសញ្ញាជនសង្ស័យជាឃាតករម្នាក់ទៀតហើយ ក្នុងអំពើឃាតកម្មវាយសម្លាប់ជនរងគ្រោះជាជាងកាត់សក់ ប្លន់យកម៉ូតូជនរងគ្រោះ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយវិទ្យាល័យខ្លាកូន ចំណុចជើងភ្នំខ្លាកូន ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យមានឈ្មោះ ផាត សុគន្ធ ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅណ្តោះអាសន្នស៊ីឈ្នួលធ្វើស្រែចំការឱ្យគេនៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន  រស់នៅភូមិឈូកមាស ឃុំកូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបាន នគរបាលក្រុងសិរីសោភ័ណសហការជាមួយកម្លាំង នគរបាលការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្នុងនោះមានការសហការពីនគរបាលខេត្តឧត្តរមានជ័យបានចេញប្រតិបត្តិការបង្រ្កាបចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះជនសង្ស័យនៅខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ផាត សុគន្ធ ប្រើប្រាស់នៃការស្រាវជ្រាវស៊ើបអង្កេតរយៈពេល១៦ថ្ងៃទើបឃាត់ខ្លួនបានសម្រេច។បន្ទាប់ពីកម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យបក្ខពួកជាឃាតករ២នាក់រួចមកហើយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងសិរីសោភ័ណ ដែលមានឈ្មោះ ១,លុញ សុគាហៅខ្មៅ  ភេទប្រុស អាយុ២២ឆ្នាំ ២,ស៊ុន ស៊ុះ ហៅក្តាមប្រៃ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយជនត្រូវចោទ២នាក់ត្រូវបានតុលាការបញ្ជាដាក់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររួចហើយផងដែរ។
លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថាៈ សំណុំរឿងអំពើឃាតកម្មគិតទុកជាមុនគឺមុនដំបូងសមត្ថកិច្ចស្រាវជ្រាវថាជនសង្ស័យតែ៤នាក់ប៉ុណ្ណោះជាអ្នកប្រព្រឹត្ត។ប៉ុន្តែ ក្រោយចាប់ខ្លួនជនសង្ស័យឈ្មោះ ផាត សុគន្ធ បានឆ្លើយសារភាពថាបក្ខពួកគេ៦នាក់នៅសល់៣នាក់ទៀតមិនទាន់ចាប់ខ្លួន។ ការអនុវត្តកិច្ចការងារបានសម្រេចជាបន្តបន្ទាប់ក្នុងសំណុំរឿងអំពើឃាតកម្មគិតទុកជាមុនដោយមានកិច្ចសហប្រតិបត្តិការប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប  ក្នុងនោះដោយមានការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងនគរបាល អនុវត្តកិច្ចការងារនេះយ៉ាងយកចិត្តទុកដាក់បំផុតនិងទទទួលបានលទ្ធផលល្អ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បញ្ជាក់ឱ្យដឹងទៀថាៈជនសង្ស័យឈ្មោះ ផាត សុគន្ធ ជាអ្នកយកដុំថ្មវាយសម្លាប់ជនរងគ្រោះជាមួយបក្ខពួករបស់ខ្លួន ហើយរូបគេបានយកម៉ូតូជនរងគ្រោះដែលមានពួកម៉ាកឈ្មោះធីយកទៅបញ្ចាំនៅចំណុចផ្លូវលេខ៣ ក្រុងសិរីសោភ័ណ ហើយពួកម៉ាកឈ្មោះ ធី ឱ្យប្រាក់មករូបគេ១០០ដូល្លា រួចហើយបានរត់គេចខ្លួនទៅខេត្តឧត្តរមានជ័យ។
សូមរំលឹកថា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយវិទ្យាល័យខ្លា កូន ជើងភ្នំខ្លាកូន ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ សាកសពបុរសម្នាក់ឈ្មោះ ភឿន សុមឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបានគេប្រទះឃើញរងការស្លាប់ក្នុងសភាពហើយមស្អុយដោយអំពើវាយសម្លាប់ប្លន់យកម៉ូតូ។រវាងជនរងគ្រោះនិងជនសង្ស័យស្គាល់គ្នាហើយទៅជក់ថ្នាំញៀនផឹកស្រានិងរួមភេទប្រុសដូចគ្នានៅទីនោះ។អំពើឃាតកម្មនោះសមត្ថកិច្ចស្រាវជ្រាវជាបន្តបន្ទាប់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់មកហើយ។ចំណែកបក្ខពួកនៅសេសសល់៣នាក់សមត្ថកិច្ចកំពុងបន្តតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត៕ដោយ៖ឃិន គន្ធា