ក្រុមសកម្មប្រយុទ្ធសាន់នីបានដណ្តើមគ្រប់គ្រងប៉ុស្តិ៍ព្រំដែនរដ្ឋាភិបាលអ៊ីរ៉ាក់ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសស៊ីរី ក្នុងមហិច្ឆតាមួយដើម្បីពួកគេបង្កើតរដ្ឋអិស្លាមមួយ ដែលលាតសន្ធឹងតាមសមុទ្រមេឌីតែរ៉ាណេទៅដល់ព្រំដែនប្រទេសអ៊ីរ៉ង់។ ក្រុមឧទ្ទាមដឹកនាំដោយក្រុមដែល
ហៅខ្លួនឯងថា រដ្ឋអិស្លាមអ៊ីរ៉ាក់ និងក្រុម ISIL បានរុលចោលទៅកាន់តំបន់ក្បែរប្រជុំជន al-Qaim កាលពីថ្ងៃទី២១ ខែមិថុនា ហើយរុញច្រានកម្លាំងសន្តិសុខរដ្ឋាភិបាលដែលឈរជើងនៅទីនោះឲ្យចាកចេញ រួចពួកគេចូលគ្រប់គ្រងវិញម្តង។ ប៉ុន្តែបើតាមលោក Sameer al-Shwiali ទីប្រឹក្សាព័ត៌មានរបស់មេបញ្ជាការអ៊ីរ៉ាក់ប្រឆាំងពួកភេរវកម្មបានប្រាប់ រ៉យទ័រថា ប៉ុស្តិ៍ព្រំដែនខាងលើ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់នៅឡើយទេ។
តំបន់ Al-Qaim របស់អ៊ីរ៉ាក់ និងតំបន់ Albukamal ស្ថិតនៅព្រំដែនប្រទេសស៊ីរី ជាទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ដល់ក្រុមបះបោរក្នុងប្រទេសស៊ីរី ។ ពួកឧទ្ទាមសាន់នីបានគ្រប់គ្រងតំបន់ជាច្រើនភាគខាងលិចស៊ីរី ហើយដែលបច្ចុប្បន្ននេះ ពួកគេកំពុងគ្រប់គ្រងច្រកផ្លូវចេញចូល Albukamal-Qaim ៕