ទុរគត់ចាស់ជរា អាយុ៨៧ឆ្នាំទទួលអំណោយពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិង​សម្បុរសជន

0

កំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើវិស័យ​មនុស្សធម៌ ទាំងគ្រួសារអតីតយុទ្ធជន ទាំងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពិសេសលើទុរគត់ជន​ចាស់ជរា ស្រ្តីមេម៉ាយ  ក្មេងកំព្រា ទោះជានៅជិត នៅឆ្ងាយ ចំកាត់មាត់ញក ក៏ក្រុមការងារមនុស្សធម៌ ដែល​មានចិត្តមេត្តាសណ្តោសប្រណី បានចុះជូយឧបត្ថម្ភដល់គ្រួសារដែលកំពុងតែជួបការលំបាកដែរ។

ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និង មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ បានចុះសួរសុខទុក្ខ លោកយាយទុរគត់ជន ដែលជាស្រ្តីមេម៉ាយ មានអាយុ ៨៧​ឆ្នាំ ស្វាមីលោកយាយ​ទទួល​មរណភាព​ចោល​គាត់​អស់​រយៈពេល​ជាង២០​ឆ្នាំ​ហើយ រស់នៅក្នុងខ្ទមស្បូវធ្លុះធ្លាយ  ​គ្មានកូន​សូម្បី​តែម្នាក់ ស្ថានភាពរស់​យ៉ាង​សែនវេទនា ស្ថិតចាស់ជរា ភ្នែកងងឹត ត្រចៀកថ្លង់  សុខភាពទ្រុឌទ្រោម គ្មានកូន​ចៅ​​ទីពឹងនឹងគេ រស់នៅ​បច្ចុប្បន្ន បានក្មួយប្រុស ជួយមើលថែរ  ហើយថ្ងៃនេះផងដែរបាន ទទួលអំណោយពី​សម្បុរជន ក្នុងក្រុម​ការ​ងារ​មនុស្សធម៌។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោយពីការងារស្នូលរបស់អង្គភាព ក៏បានដឹកនាំ ក្រុមការងារមនុស្សធម៌ រួមជាមួយអាជ្ញាធរ ភូមិ-ឃុំ ចុះទៅផ្ទះលោកយាយ ព្រំ សៀ តាមសេចក្តីរាយការណ៍ ពីលោក អនុសេនីយ៍ទោ សេន កុសល មេបញ្ជាការ ផ្នែកសឹករងប្រាសាទបល្ល័ង្ក និងលោកមេឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បាននាំយកអំណោយមាន អង្ករ ៥០គក​ក្រមីយើង ០២ កេសទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរកន្ទេល ០១មុង ០២ភួយ ០១កំសៀវទឹក ០១ឆ្នាំង ០២ចានស្រាក់ ០១បំពង់​ទឹក​ក្តៅ​ ០១​ ​ចានដែក​ ០១​បោយទឹក​០១​ និងថវិកា ២៥០,០០០ រៀល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ចំពោះសម្ភារៈ និងថវិការ ដែលបានផ្តល់ជូនលោកយាយចាស់ជរា គឺបានមកពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងព្រះតេជគុណ ជរ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសុរិយា ហៅវត្តក្តីដូង ដែល​បានជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន២០០,០០០ រៀល លោកយាយ ព្រំ សៀ មានចិត្តរំភើប​ពេកក្រៃ និងលើកដៃថ្វាយបង្គំ ដល់អ្នកមានបុណ្យ អ្នកមានចិត្តសម្បុរធម៌ បានស្រោចស្រង់ជីវិតចុងក្រោយ របស់លោកយាយ ដែលកន្លងមក ពុំដែលបានទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ម្តងណាឡើយ ។

ដោយ  ប៊ុន  រដ្ឋា