រថយន្តចង្កូតស្តាំមួយគ្រឿងត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនអោយគយ

0

បន្ទាយមានជ័យៈ រថយន្តចង្កូតស្តាំមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខSR-០៣២៦ ចង្កូតស្តាំ ដែលកំពុងបើកបរនៅតាមបណ្តោយផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ត្រូវបានអាវុធហត្ថក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានធ្វើការស្ទាក់ចាប់យកមកប្រគល់អោយអង្គភាពការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់គេចពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ(គយចល័តក្រសួង)នៅល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨។
លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុង សិរីសោភ័ណបានអោយដឹងថារថយន្តមួយគ្រឿងខាងលើនេះត្រូវបានគេលួចនាំចូលពីប្រទេសថៃតាមច្រករបៀង។បន្ទាប់ពីទទួលបានព័ត៌មានពាក់ពន្ធ័នឹងការនាំចូលនេះកម្លាំងអាវុធហត្ថក៏បានពួនស្ទាក់ឃាត់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។រថយន្តត្រូវបានក្រុមឈ្មួញនាំចូលមកចំនុចព្រំដែនរួចបំពាក់ស្លាកលេខក្លែងក្លាយដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
ទាក់ទងនិងករណីបង្ក្រាបរថយន្តចង្កូតស្តាំនេះ មតិអ្នករិះគន់បាននិយាយថា កម្លាំងកងរាជអាវុធហត្ថក្រុងបង្ក្រាបតែរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរាប់រយគ្រឿងដែលឈ្មួញមានខ្នងបង្អែកគ្រាក់ៗនាំចូលមកក្នុងខេត្តបន្ទាយមានជ័យ។សព្វថ្ងៃនេះរថយន្តចង្កូតស្តាំបាននិងកំពុងពេញនិយមសម្រាប់អ្នកមានលុយនឹងសមត្ថកិច្ចប៉ូលីស ទាហាន ជិះធ្វើចរាចរពាសពេញដងផ្លូវក្នុងខេត្ត បន្ទាយមានជ័យគ្មានការបង្ក្រាប ហើយបើបង្ក្រាបគឺបង្ក្រាប បានតែអ្នកគ្មានខ្សែ គ្មានខ្នងបង្អែកប៉ុណ្ណោះ៕ដោយ៖ឃិន គន្ធា