សហគ្រាសផលិតទឹកស្អាតស្រុកកំពង់ត្រាចរងការរិះគន់ពីអតិថិជនពីបញ្ហាអនាម័យ

0

(កំពត)៖ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់បណ្តាញទឹកស្អាតក្នុងស្រុកកំពង់ត្រាច កំពុងនាំគ្នារិះគន់ថា ទីតាំងស្តុកទឹកសម្រាប់ផ្តល់ទឹកប្រើប្រាស់ដល់អតិថិជន ហាក់មានភាពក្រខ្វក់គ្មានអនាម័យ ថែមទាំងមានសភាពល្អក់កករ មិនគួរណាយកទៅប្រើប្រាស់ឡើយ ហើយទីតាំងស្តុកទឹកមើលទៅដូចជាមិនទំនងព្រោះគ្មានបុគ្គលិកណាថែរក្សាឲ្យបានហ្មត់ចត់នោះឡើយ។មិនតែប៉ុណ្ណោះអាងស្តុកទឹកប្រើប្រាស់នេះត្រូវបានម្ចាស់អាជីវកម្មលួចបង្ហូរទឹកពីស្រែនិងពីកន្លែងក្រខ្វក់ដាក់បញ្ចូល សម្រាប់យកទឹកផ្គត់ផ្គង់ដល់អតិថិជន ខណៈខ្វះទឹកចែកចាយម្តងៗ។គេបានរិះគន់ទៀតថាអាងស្តុកទឹករបស់សហគ្រាសនេះ មិនសមដាក់ឈ្មោះជាសហគ្រាសផលិតទឹកស្អាតនោះទេ បើដាក់ថាជាកន្លែងផលិតទឹកក្រខ្វក់ទើបល្អជាង។ មជ្ឈដ្ឋានដដែលបានរិះគន់ទៀតថា សហគ្រាសផលិតទឹកខាងលើក្រៅពីកង្វះអនាម័យនិងគ្មានបទដ្ឋានបច្ចេកទេស ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញទឹកក្តៅក្រហាយ ខណៈសហគ្រាសផលិតទឹកស្អាតនេះ ពេលផ្លាស់ប្តូរអ្នកគ្រប់គ្រង គ្មានជូនដំណឹងជាមុន ហើយករណីកាត់ផ្តាច់ បណ្តាញទឹកបណ្តោះអាសន្នដើម្បីពិន័យក៏មិនបានធ្វើការជូនដំណឹងដល់អតិថិជនដែរ លុះពេលដល់កំណត់ត្រឹម១ខែស្រាប់តែបញ្ជាឲ្យបុគ្គលិកមកកាត់ផ្តាច់តាមតែអំពើចិត្ត។
អតិថិជនបានឲ្យដឹងទៀតថា កាលអ្នកគ្រប់គ្រងមុនទឹកមានសភាពធម្មតា ហើយបានកំណត់ឲ្យអតិថិជនបង់ប្រាក់តាមវិក្កយបត្រចាប់ពី១ខែរហូតដល់៣ខែក៏បាន បើលើសពីនេះ ទើបត្រូវកាត់ផ្តាច់ទឹកពីបណ្តាញមិនឲ្យប្រើប្រាស់។ប៉ុន្តែចាប់តាំងពីមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីមក បែរជាបានកំណត់រយៈពេលបង់ប្រាក់រាល់មួយខែម្តង ហើយក៏មិនបានជូនដំណឹងជាមុនដែរ ដោយគ្រាន់តែសរសេរអក្សរពីបន្ទាត់ដាក់កំណត់ក្នុងវិក្កយបត្រប៉ុណ្ណោះ បើហួសពេលកំណត់បុគ្គលិករបស់សហគ្រាសទឹកស្អាតដើរផ្តាច់មិនឲ្យប្រើប្រាស់ទៀតទេ លុះត្រាតែពលរដ្ឋទៅបង់លុយ និងពិន័យជាប្រាក់១០.០០០រៀលទើបភ្ជាប់បណ្តាញឲ្យប្រើប្រាស់វិញ។ចំពោះទង្វើបែបនេះហាក់មានចេតនាចង់ធ្វើបាបអ្នកប្រើប្រាស់បណ្រាញទឹកស្អាត ដែលកន្លងមកគេធ្លាប់តែគិតថា២ឬ៣ខែចាំបង់ប្រាក់ក៏បានដែរ។បន្ទាប់ពីមានការផ្តាច់បណ្តាញទឹកបែបនេះ អតិថិជនខ្លះត្រូវជួបបញ្ហាលំបាកព្រោះតែគ្មានទឹកសម្រាប់ប្រើប្រាស់នៅតាមលំនៅឋាន និងបើកអាជីវកម្មផ្សេងៗ។
អតិថិជនបានរិះគន់ទៀតថា អ្នកគ្រប់គ្រងសហគ្រាសផលិតទឹកស្អាតកំពង់ត្រាចថ្មី មុននឹងសម្រេចកាត់ផ្តាច់បណ្តាញប្រើប្រាស់របស់អតិថិជនណាម្នាក់ គួរតែជូនដំណឹងជាមុនយ៉ាងហោចណាស់ក៏បានរយៈពេល១ខែឬ២ខែដែរ ដើម្បីឲ្យអតិថិជនយល់ជ្រួតជ្រាបពីការប្តូរថៅកែ។ម្យ៉ាងទៀតការជូនដំណឹងតាមរយៈវិក្កយបត្របង់ប្រាក់ដោយសរសេរអក្សរតូចៗស្ទើមើលមិនយល់បែបនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញទឹកស្អាតភាន់ច្រឡំ ហើយក៏មិនដឹងមានការកែប្រែច្បាប់ទម្លាប់យ៉ាងដូច្នោះដែរ។
ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្តាញទឹកស្អាតក្នុងស្រុកកំពង់ត្រាចទាំងអស់ សំណូមពរដល់អ្នកគ្រប់គ្រងថ្មី មេត្តាយោគយល់ដល់អតិថិជនផង ព្រោះពលរដ្ឋភាគច្រើនមិនទាន់ដឹងថា មានការកែប្រែច្បាប់ទម្លាប់ដ៏តក់ក្រហល់បែបនេះឡើយ។ជាមួយគ្នានេះខាងការិយាល័យ ឧស្សាហកម្ម និងសិប្បកម្ម គួរចុះទៅត្រួតពិនិត្យមើលទីតាំង សហគ្រាសទឹកក្រខ្វក់នេះម្តងមើល៎ តើក្រុមហ៊ុននេះ ផលិតទឹកតាមទម្រង់ស្តង់ដាបច្ចេកទេសដែរឬទេ?បើបណ្តែតបណ្តោយបែបនេះ អ្នកប្រើប្រាស់បណ្តាញទឹកនៅក្នុងតំបន់ពិតជាជួបនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ពិសេសធ្វើឲ្យខូចសុខភាពដល់ពលរដ្ឋទូទាំងស្រុកកំពង់ត្រាច។
ទាក់ទិននឹងបញ្ហាដូចខាងលើ លោក អ៊ុយ ចិន្តា អ្នកគ្រប់គ្រងថ្មី នៃសហគ្រាសទឹកស្អាតកំពង់ត្រាច បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៨នេះថា ករណីដែលធ្វើឲ្យទឹកមានពណ៌ក្រហមនេះ មកពីលោកបានកែរទម្រង់ដោយប្រើប្រាស់សារធាតុថ្មី ដើម្បីធ្វើការពិសោធន៍ ដោយមិនបានប្រើសារធាតិគីមីនោះទេ ទើបរយៈពេលប៉ុន្មានថ្ងៃនេះធ្វើឲ្យទឹកប្រែជាល្អក់និងមានពណ៌ក្រហមខុសពីប្រក្រតីបែបនេះ។លោកបានបញ្ជាក់ទៀតថា ចំពោះការពិន័យនៅពេលអតិថិជនមិនបានបង់ប្រាក់តាមវិក្កយបត្ររាល់មួយខែម្តងនោះ គឺលោកបានអនុវត្តរយៈពេលជាង២ខែមកហើយ ចាប់តាំងពីលោកបានចូលមកគ្រប់គ្រងសហគ្រាសទឹកស្អាតនេះម្លេះ។ដោយឡែកលោក ចាន់ ថូ ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មស្រុកកំពង់ត្រាច បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទនៅព្រឹកថ្ងៃដដែលថា រឿងរ៉ាវខាងលើនេះ ចាំឲ្យខាងមន្ត្រីរបស់លោកចុះទៅត្រួតពិនិត្យមើល ព្រោះខណៈនេះលោកជាប់រវល់ទៅប្រជុំនៅរាជធានីភ្នំពេញ។ចំណែក ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត លោក គឹម ជឿន កម្ពុជាថ្មី មិនអាចសុំការពន្យល់បានទេដោយសារទូរស័ព្ទរបស់លោកស្ថិតក្នុងតំបន់ក្រៅសេវា៕