គំនរឈើជាច្រើនកំណាត់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប នៅស្រុកលំផាត់

0

ខេត្តរតនគិរី÷ គំនរឈើជាច្រើនកំណាត់ត្រូវបានក្រុមឈ្មួញយកមកដាក់ពង្រាយលាក់ទុកនៅក្នុងព្រៃមួយកន្លែង អស់រយៈពេល៣ខែមកហើយ មិនទាន់ឃើញដឹកចេញត្រូវបានក្រុមអ្នកសារព័ត៌មានប្រទះឃើញ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងការប្រទះឃើញឈើនេះដែរ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកវរសេនីយ៍ទោ អុី សុផូរ៉ា ប្រធានក្រុមគោលដៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំខេត្តរតនគិរី លោក ក៏បានបញ្ជាឲ្យកូនចៅ២នាក់ចុះមកទីតាំងស្តុកឈើខាងលើនេះ។
បន្ទាប់មកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសក៏បានសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធស្រុក នឹងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បានដេកយាមចាំមួយយប់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ ដើម្បីចាត់ការបន្តទៅទៀត។

ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ទោ អ៉ី សុផូរា ប្រធានក្រុមគោលដៅអាវុធហត្ថលើផ្ទៃប្រទេស នឹងលោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះមើលគំនរឈើពីរទីតាំងដែលក្រុមឈ្មួញទុច្ចរិតកាប់យកមកលាក់ទុកនៅក្នុងព្រៃរងចាំឱកាសល្អនឹងបន្តទៅវៀតណាម។នៅក្នុងនោះដែរគឺមានឈើប្រភេទ គគី ស្រឡៅ នឹងសុក្រំ ដែលមានមុខកាត់ឃ្លុំបួនជ្រុង ៣០ដល់ទៅ៦០ម៉ែត្រ មានប្រវែងចាប់ពី៣ដល់ទៅ៦ម៉ែត្រ មានចំនួន៦៨កំណាត់។

លោក ធឹម ចិត្រ ប្រធានស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ បានឲ្យសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ថា ឈើទាំងនេះនឹងដឹកយកមករក្សាទុកនៅស្នាក់ការបរិស្ថាន។ចំណែកឈើមួយកន្លែងទៀតនោះរងចាំឲ្យស្ងួតដីសិនទើបដឹកចេញបាន ដោយសារស្ថានភាពផ្លូវចូលទៅដឹកឈើនោះផុងពិបាកក្នុងការដឹកជញ្ជូនឈើណាស់ ហើយឲ្យកូនចៅដេកយាមបន្តទៀត។ឈើទាំងនោះមិនត្រូវបានដឹងពីតួលេខនៃចំនួនម៉ែត្រគូបនៅឡើយទេ ដោយសារមានរដូវភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃនឹងពិបាកក្នុងការដឹកជញ្ជូនថែមទៀតផង៕ យក្ខឡោម