ខេត្តរតនគិរី÷ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កាលពីវេលាម៉ោង៦ និង៤០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានចុះបង្រ្គាបករណីដួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅត្រង់ចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់។
លោកវរសេនីយ៍ទោ លាង អ៉ីម នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ លឹម ស៊ីថា ភេទប្រុស អាយុ៣១ឆ្នាំ និងទី២.ឈ្មោះ គឹម ហ័រ ភេទស្រី អាយុ២០ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោក លាង អ៉ីម បន្តថា លុះព្រឹកឡើងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញបានចុះឆែកឆេរផ្ទះជួលរបស់ជនសង្ស័យទាំង២នាក់ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដឹកនាំ និងសម្របសម្រួលដោយផ្ទាល់ពីលោក រ៉ា បូរ៉ានឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ ក្នុងនោះសមត្ថកិច្ចបានរកឃើញ និងដកហូតម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ ៤កញ្ចប់ធំល្មម និង១០កញ្ចប់តូច ទម្ងន់សរុប ៧៣៩,៧៦ក្រាម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន២គ្រឿង, កាំបិតស្នៀត១ដើម រួមទាំងសម្ភារពាក់ព័ន្ធជាច្រើនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងឃុំខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យកាអមសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ដើម្បី ចាត់ការតាមផ្លូវច្បាប់៕ យក្ខឡោម