យុវជន​២​នាក់​ជិះ​ម៉ូតូ​គេច​ពី​គេ​ដេញ​វាយ​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង រង​របួសស្រាល​៣​នាក់ ហើយ​យុវជន​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សង្ស័យ​ជា​ករណី​ឆក់​

​ភ្នំពេញ ៖ យុវជន​២​នាក់​និង​នារី​ម្នាក់​របួស​ស្រាល ខណៈ​ដែល​យុវជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​រត់គេច​ពី​គេ​ដេញ​វាយ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​នារី​រងគ្រោះ​បណ្ដាលអោយ​ដួល ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ទាំង​២​នាក់​ទៅ​សាកសួរ​ដោយ​សង្ស័យ​ខ្លាច​ជា​ករណី​ឆក់ ហេតុការណ៍​នេះ​បាន​កើតឡើង​

កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ទេសចរណ៍​អាស៊ី ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-6677 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ចំណុចកើតហេតុ​ក៏​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​គុប ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ឌ​៨២០៩ ភព​១ ជិះ​ដោយ​នារី​ម្នាក់​ចំ​ពីក្រោយ​ក្នុងទិសដៅ​ស្រប​បណ្ដាល​ដួល​រង​របួសស្រាល​ទាំងសងខាង ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​និង​ឃាត់ខ្លួន​យុវជន​ទាំង​២​នាក់​យក​ទៅ​ប៉ុស្ដិ៍​នគរបាល​បឹង​ព្រលិត​ដើម្បី​ធ្វើការ​សាកសួរ ដោយ​ព្រោះ​សង្ស័យ​ថា​យុវជន​ទាំង​២​នាក់​នេះ ខ្លាច​ជា​ជនសង្ស័យ​ទើបតែ​ប្រព្រឹត្តិ​បទល្មើស​មក​ពី​កន្លែង​ណាមួយ ព្រោះ​សមត្ថកិច្ច​បាន​ឃើញ​យុវជន​ទាំង​នាក់​នេះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយក៏​មាន​ការសង្ស័យ​ទើប​ជិះ​តាម​ពីក្រោយ ស្រាប់តែ​យុវជន​ទាំង​២​នាក់​នេះ​ជួប​គ្រោះថ្នាក់​តែម្ដង​។ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច យុវជន​ទាំង​២​នាក់​បាន​ឆ្លើយ​ប្រាប់ថា ពួកគេ​ជិះ​ម៉ូតូ​រត់គេច​ពី​ការ​តាម​វាយ​របស់​យុវជន​មួយក្រុម ដោយ​មិន​ដឹង​មូលហេតុ​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​យុវជន​ទាំង​២​នាក់​រួមទាំង​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​អធិកា​រដ្ឋា​នគរបាល​ខណ្ឌ​៧​មករា​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​៕​

1 2 3