អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនយុវពាណិជ្ជផ្តល់ប្រឡាយមួយខ្សែជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរ

0

សៀមរាប៖ តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនយុវពាណិជ្ជ ប្រឡាយបុរាណមួយខ្សែ ដែលមានប្រវែង ១៣០០ម៉ែត្រ នៅភូមិគិរីមានន្ទ និងភូមិបង្កោង ត្រូវបានស្តាររួចរាល់ជាស្ថាពរ ក្រោយចំណាយពេលជិត៣ខែកន្លងមក។ ប្រឡាយនេះ បានដាក់ជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

លោក ព្រៀន ប្រម មេឃុំអំពិលបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ លោកពិតជារីករាយដែលទទួលបាននូវប្រឡាយនេះឡើងវិញ។ លោកបញ្ជាក់ថា ពីមុនប្រឡាយខះរីងទឹកស្ងួតមិនមានទឹកនោះទេក្នុងរដូវវស្សា តែចាប់ពីពេលនេះតទៅប្រជាពលរដ្ឋរបស់លោកនឹងមានឱកាសដាំដំណាំកសិកម្ម និងស្រែចម្ការផ្សេងៗបានហើយ ទោះជាក្នុងរដូវប្រាំងក៏ដោយ។

លោក ភូ ភក្តី តំណាងក្រុមហ៊ុនយុវពាណិជ្ជបានលើកឡើងថា លោកពិតជារីករាយដែលបានរួមចំណែកក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះ។ លោកសង្ឃឹមថា នាពេលខាងមុខៗទៀត ក្រុមហ៊ុនរបស់លោកអាចនឹងមានគម្រោងជួយប្រជាពលរដ្ឋថែមទៀត អាស្រ័យលើការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

លោក ម៉ក់ សំភារ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគងក៏បានបង្ហាញនូវភាពសប្បាយរីករាយដែលប្រជាពលរដ្ឋនឹងទទួលបាននូវប្រឡាយ សម្រាប់តម្កល់ទឹកប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ លោកបញ្ជាក់ថា នេះជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏លើសលុបដែលកើតឡើងក្នុងសម័យកាលនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាតែងគោរពនិងដើរតាមគោល យោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយ ក្នុងកិច្ចអភិរក្សរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏មិនភ្លេចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់វិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្តមបញ្ជាក់ថា នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេស ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស គឺសម្តេចតេជោនាយកដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរដល់សុខសន្តិភាពជាតិ និងការអភិវឌ្ឍគ្រប់វិស័យផ្សារភ្ជាប់នឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់កូនចៅគ្រប់ជំនាន់។

ជាចុងបញ្ចប់ឯកឧត្តមក៏រំឭកដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេសឲ្យបានត្រឹមត្រូវ ដែលធានាបាននូវសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕