ស្លាប់មនុស្ស៣នាក់ ក្នុងការធ្លាក់ឧទ្ធម្ភាចក្រ នៅប្រទេសថៃ

0

ប្រទេសថៃ ៖ អាកាសយានិកម្នាក់និងអ្នករួមដំណើរចំនួន២នាក់ទៀតបានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍ នៃការធ្លាក់ឧទ្ធម្ភាចក្រនៅក្នុងប្រទេសថៃដោយមិនទាន់ដឹងថាតើការធ្លាក់នេះបណ្តាលមកកត្តាអ្វីនោះឡើយខណៈដែលឧទ្ធម្ភាចក្រនេះត្រូវបានក្រុមការងាររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ជួលអោយហោះហើរដើម្បីផ្តិតយករូបភាពក្នុងការធ្វើព័ត៌មាននៅក្នុងខេត្ត ខនកែន ។
យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានក្នុងប្រទេសថៃបានអោយដឹងថាកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះមានករណីធ្លាក់ឧទ្ធម្ភាចក្រមួយគ្រឿងនៅចំណុចកណ្តាលវាលស្រែក្នុងភូមិសាស្ត្រភូមិ២ឃុំវុាំងសែង ស្រុកជនបទខេត្តខនកែនប្រទេសថៃ ។នៅកន្លែងកើតហេតុគេសង្គេតឃើញថា ឧទ្ធម្ភាចក្រទាំងមូលត្រូវអណ្តាតភ្លើងឆាបឆេះទាំងស្រុង ដោយមានបំណែកជាច្រើនបានបើុង ខ្ទាត ទៅឆ្ងាយៗពីចំណុចដែលធ្លាក់ហើយក្រុមការងារសង្គ្រោះបានប្រើប្រាស់ឧបករណ៍ដើម្បីជួយបាញ់ពន្លត់ភ្លើងនិងដើម្បី
ជួយដល់មនុស្សដែលជាប់នៅក្នុងនោះ ដោយឧទ្ធម្ភាចក្រនេះជារបស់ឯកជននិងជាប្រភេទ AS 355 NP ។
ជាលទ្ធផលមនុស្សចំនួន៣នាក់ត្រូវបានស្លាប់ដោយបន្សល់នូវអត្តសញ្ញាណប័ណ្ណដែលមានឈ្មោះសែកសាន់ វណ្ណា ភេទប្រុស អាយុ៥១ឆ្នាំជាអ្នករស់នៅស្រុកមឿងខេត្តភិតប៊ូននិងឈ្មោះ វណ្ណឆៃ ឃុនរ៉ាត់ឆៃជាអាកាសយានិក របស់ក្រុមហ៊ុន SFS AVIATION Co. LTD រីឯម្នាក់ទៀតគឺកំពុងស្រាវជ្រាវនៅឡើយដោយគេគ្រាន់តែដឹងថាឧទ្ធម្ភាចក្រនេះ បានហោះហើរចេញពីខេត្ត សារៈបុរីនិងមានលិខិតហោះហើរទៅកាន់ខេត្ត ខនកែន ។
ប្រភពចុងក្រោយបានបញ្ជាក់ថា ការហោះហើរនេះដោយសារតែមានការជួលពីសំណាក់ភ្នាក់ងារស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ដើម្បីធ្វើព័ត៌មានដោយនៅពេលនោះក្រុមបណ្តាអ្នកសារព័ត៌មាននៅឈររង់ចាំឯព្រលានយន្តហោះ ក្នុងខេត្តខនកែន ប៉ុន្តែជាចៃដន្យឧទ្ធម្ភាចក្រក៏បានធ្លាក់ឆេះមុនទៅដល់ព្រលានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ៕