អភិបាលខេត្តរតនគិរី អំពាវនាវដល់ពលរដ្ឋរស់នៅតាមដងទន្លេ អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង

0

ខេត្តរតនគិរី÷ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេ បឹង អូរ ព្រែក និងប្រឡាយ អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ ខណៈដែលមេឃបាននឹងកំពុងបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូចនេះ ។

ការអំពាវនាវដូចនេះរបស់ លោក ថង សាវុន គឺបានធ្វើឡើងនៅក្នុងឱកាសដែលលោក រួមទាំងប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់និងស្រុកវើននសៃ នាថ្ងៃទី១៩ និងថ្ងៃទី២០ខែកក្កដានេះ ។

ថ្លែងក្នុងឱកាសនោះទៀតដែរ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ខណៈដែលមេឃនៅតែបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូច្នេះ អាជ្ញាធរមូលដ្ឋាន រួមទាំងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ និងសិក្សាអំពីស្ថានភាពកម្ពស់ទឹក បើទោះបីពេលនេះស្ថានភាពកម្ពស់ទឹកនៅពុំទាន់ឡើងដល់កម្រិតប្រកាសអាសន្នក៏ដោយ ។

បន្ថែមពីនេះ លោកបន្តថា ក្នុងស្ថានភាពនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមវិធានការណ៍ទប់ស្កាត់ និងមធ្យោបាយសង្គ្រោះ ដើម្បីត្រៀមអន្តរាគមន៍ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយអោយបានទាន់ពេលវេលា ។

ទន្ទឹមហ្នឹងការអំពាវនាវអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ អោយត្រូវអនុវត្តន៍អោយបាននូវអនាម័យជាប់ជានិច្ច ដោយត្រូវហូបស្អាត ផឹកស្អាត រួមទាំងការអនាម័យខ្លួនប្រាណ និងសម្ភារៈប្រើប្រាស់ ដើម្បីជៀសវាង និងបង្កអោយកើតមាននូវជម្ងឺរាតត្បាតណាមួយកើតឡើង ៕ យក្ខឡោម