ឧត្តរមានជ័យ.ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ មន្ត្រីយោធាជាន់ខ្ពស់នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ មន្ត្រីយោធាជាន់ខ្ពស់កងទ័ពជើងគោក និងមន្ត្រីយោធាយោភូមិភាគទី៤ អញ្ជើញចុះសួរសុខទុកដល់កងទ័ព និងផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រស្តីពីសភាពការណ៍ថ្មីកើតឡើង នៃឆមាសទី២ ឆ្នាំ២០១៤ ដល់នាយទាហាន និងពលទាហាន នៅក្នុងកងពលតូចថ្មើរជើងលេខ៤១ ដែលប្រចាំនៅសរមភូមិមុខ នៃយោធភូមិភាគទី៤ ក្នុងសាស្ត្រខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤។
ឯកឧត្តមឧត្តមសេនីយ៍ទោ នាម ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូអមដំណើរនៃក្រសួងការពារជាតិ បានឆ្លៀតឱកាសដ៏មមាញឹក ពីកិច្ចការងារសហប្រតិបត្តិការនៅក្នុងប្រទេស និងក្រៅប្រទេស ហើយឯកឧត្តមបានផ្តល់ជាអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងនយោបាយកើតឡើងថ្មីៗ នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជាស្មារតីអប់រំមកដល់នាយទាហាន និងពលទាហាន។
បន្ទាប់មកឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត ក៏បានមានប្រសាសន៍ថា ផ្តាំផ្ញើរសាកសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជាសមរភូមិក្រោយ ជូនចំពោះកងទ័ពខ្មែរយើងដែលកំពុងឈរជើងការពារបូរណៈភាពដែនដីនៅសមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានលើកឡើងទៅកាន់ពលទាហានថា ក្រោយពីព្រឹត្តការណ៍បោះឆ្នោតប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញកំម្រែទំរងថ្មី លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើការផ្លាស់ប្តូរវិស័យការងារផ្សេងៗ និងបានរៀបចំកែទម្រង់ថ្មីលើវិស័យយោធា នៅក្នុងយុទ្ធសាស្ត្រចតុកោណនៅក្នុងអាណត្តិទី៥នេះ ហើយកងយោធពលខេមរភូមិន្ទ មានស្មារតីការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋត្រឹមត្រូវសេរី និងយុតិ្តធម៌។
ឯកឧត្តមក៏បានកើតសសើរដល់កងទ័ពទាំងអស់ ដែលរក្សាបានស្ថានការណ៍ព្រំដែនឱ្យមានសន្តិសុខ ទោះបីជាស្ថានភាពផ្ទៃក្នុងប្រទេសថៃ បានធ្វើរដ្ឋប្រហារដោយកងកម្លាំងយោធាថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ហើយបានប្រកាសបិទច្រកព្រំដែននានា និងបានបញ្ជូនពលករខ្មែរមកកម្ពុជាវិញ រហូតមកដល់ថ្ងៃនេះ មានចំនួនជាង២០ម៉ឺននាក់ តែកងកម្លាំងយោធាយើងរក្សាបានសន្តិសុខព្រំដែន និងបានបន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីថៃ។
ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានសំណូមពរថា កងទ័ពជាឆ្អឹងខ្នងការពារប្រទេស និងការពារប្រជាជន ដូច្នេះអង្គភាពយោធានីមួយៗ ត្រូវបន្តអនុវត្តន៍យន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការថ្មីៗរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ត្រូវបន្ថែមសមត្ថភាពដល់កងទ័ព ឱ្យមានគុណធម៌ វិន័យសេចក្តីថ្លៃថ្នូរ ពង្រឹងផ្ទៃក្នុងនយោបាយ ធ្វើការគ្រប់គ្រងកម្លាំងរាយការណ៍ទៅថ្នាក់លើ ក្តោបក្តាប់សំភារៈសឹកថែរក្សាឱ្យបានល្អ ពង្រឹងលេណដ្ឋាន ហ្វឹកហ្វឺនបំប៉នជំនាញ ជាពិសេសត្រូវលើកទឹកចិត្ដដល់កងទ័ពឱ្យមានស្មារតីប្រយុទ្ធខ្ពស់ ។
បន្ទាប់មកឯកឧត្តមបានផ្តាំផ្ញើរថា ត្រូវបន្តលើការអភិវឌ្ឍន៍ជីវភាពប្រចាំថ្ងៃ រៀបចំឱ្យមានកន្លែងស្នាក់នៅសមរម្យ ស្លៀកពាក់ឱ្យបានគ្រប់គ្រាន់ និងការហូបចុក ដែលជាបញ្ហាប្រឈមចំពោះសុខភាព ត្រូវបរិភោគទឹក និងចំណីអាហារស្អាត ត្រូវសម្រាកក្នុងមុង ដើម្បីបញ្ចៀសឱ្យផុតពីជម្ងឺផ្សេងៗ។