​អាជីវករ​ផ្សារលើ​ដាក់​ញត្តិ​ស្នើសុំ​លោក​អភិបាលខេត្ត​អន្តរាគមន៍​រឿង​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​អោយ​កាត់​សំយាបផ្ទះ តែ​ផ្ទះ​២​គ្រួសារ​ទៀត​ដែល​សង់​មកលើ​ផ្លូវ​បែរជា​មិនអោយ​កាត់​ទៅវិញ​

0

​កំពង់ឆ្នាំង​៖​ ​យោងតាម​ញត្តិ​ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ របស់​អាជីវករ​ខាងត្បូង​ផ្សារលើ​ចំនួន​១៩​គ្រួសារ បានអោយដឹងថា​៖​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ លោក​ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ហៅ​អាជីវករ​ខាងលើ​មក​ធ្វើការ​ប្រជុំ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​នៅតាម​ផ្ទះ​អាជីវករ​ជួរ​ខាងត្បូង​ផ្សារលើ​។​ក្នុងការ​ប្រេ​ជុំ​លោក​អភិបាលក្រុង​បានដាក់​គោលការណ៍​ថា​៖​ចាប់ពី​ផ្ទះថ្ម​ជ្រុង​ខាងលិច​រហូតដល់​ផ្ទះ​លោក ញឹក ផុន ត្រូវ​រក្សា​សំ​យ៉ាប​ដំបូលផ្ទះ​តាម​ប្លង់​ផ្ទះថ្ម​ចាស់​ដែលមាន​ប្រវែង​៣,៣០​ម៉ ដោយ​មិន​អនុញាតិ​អោយមាន​ជើង​សសរ​ខាងមុខ​ឡើយ សំ​យ៉ាប​ដែល​លៀន​លយ​លើសពីនេះ​ត្រូវ​កាត់ចោល​។​

ដោយឡែក​ចាប់ពី​ផ្ទះ​ឈ្មោះ​ជួន លន់ ទៅខាង​កើត​ដែល​មានផ្ទះ​២​ទៀត​គឺ​រក្សាទុក​អោយនៅ​លាន​លយ​ដដែល ដោយ​អោយ​តំរឹម​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ ​ ​នៅ​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៤ នៅពេល​អ្នកយកព័ត៌មាន​យើង​ចុះទៅ​ស្រាវជ្រាវ​ប្រតិកម្ម​របស់​ក្រុមអាជីវករ​ខាងលើនេះ ពួកគាត់​បាន​ប្រាប់​អោយដឹងថា​៖​គោលការណ៍​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារលើ​នេះ​របស់លោក​អភិបាលក្រុង ពួកគាត់​មិន​បដិសេដ​ឡើយ ក៍​ប៉ុន្តែ​ត្រូវ​កាត់​តំរឹម​ផ្ទះ​ស័ង្កសី​របស់​ឈ្មោះ ជួន លន់ និង​ម៉ុក ស៊ុន ដែល​បាន​សាងសង់​លយ​វែង​ហួស​ផ្ទះ​ពួកគាត់ អោយ​រត់ជួរ​ស្មើគ្នា​ទើប​ពួកគាត់​សុខចិត្ត​។​ ​

ព្រោះថា​ផ្ទះ​ឈ្មោះ ជួន លន់ ដែលមាន​ប័​ណ្ឌ​កម្ម​សិទ្ធ​ដី​លេខ T1-0022 និង​ផ្ទះ ឈ្មោះ ម៉ុក ស៊ុន ដែលមាន​ប័​ណ្ឌ​កម្ម​សិទ្ធ​ដី​លេខ​T1-0023 គឺមាន​បណ្តោយ​ដី​វែង​ជាង​ដី​របស់​អាជីវ​ករទាំង​១៩​គ្រួសារ​ទៅទៀត ប៉ុន្តែ​បែរជា​លោក​អភិបាលក្រុង​រក្សាទុក​ផ្ទះ​ទាំង​២​នេះ​អោយនៅ​ដដែល ដោយ​មិន​តំរូវអោយ​កាត់​តំរឹម​ទៅវិញ​?​។​ទង្វើ​បែបនេះ​របស់លោក​អភិបាលក្រុង ត្រូវបាន​អាជីវករ​យល់ថា ជាការ​រៀបចំ​សណ្តាប់ធ្នាប់​ប្រកាន់​បក្ខពួក​មិន​ប្រក្រតី​។​ ​

លោក សិន សូត ប្រធាន​ភូមិបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ផ្ទះ​ទាំង​២​ខាងលើនេះ​កន្លងមក​អាជ្ញាធរ​ក្រុងក៍​បានអោយ​រុះរើ​ថយក្រោយ​ជា​យូរ​មកហើយ ប៉ុន្តែ​ម្ចាស់ផ្ទះ​ទាំង​២​មិនបាន​អនុវត្តតាម​ឡើយ​។​ដោយឡែក​ការរៀបចំ​សណ្តាប់ធ្នាប់​ខាងលើនេះ​វា​ជាគោលការណ៍​របស់លោក​អភិបាលខេត្ត​។​ ​

លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ថា​៖​ការរៀបចំ​សណ្តាប់ធ្នាប់ និង​ការ​កាត់​តំរឹម​សំ​យ៉ាប​ផ្ទះ​ខាងលើនេះ ជាគោលការណ៍​របស់លោក​អភិបាលខេត្ត​ដែល​បាន​ប្រជុំ​សំរេច​ដោយ​តំរូវអោយ​ផ្ទះ​អាជីវករ​នៅ​ខាងត្បូង​ផ្សារលើ​ទាំងអស់​ថយ​ចេញ​អោយ​ផុតពី​គំនូស​ក្រហម​ពី​កន្លះ​ម៉ែត្រ​ទៅ​១​ម៉ែត្រ របស់​គំរោង​សាងសង់​ផ្លូវ​ជុំវិញ​ផ្សារ​របស់​អង្គការ​ចៃ​ការ​។​ដោយឡែក​ការមើលឃើញ​ផ្ទះ​ទាំង​២​លាន​លយ​ហួស​គេ​នោះ ក្នុង​គោលការណ៍​របស់លោក​អភិបាលខេត្ត​មិនបាន​តំរូវអោយ​កាត់​ថយក្រោយ​ស្មើគ្នា​រត់ជួរ​នោះទេ សំខាន់​គឺ​អោយ​ថយ​ផុតពី​គំនូស​ក្រហម​របស់​ចៃ​ការដែល​កំពុង​សាងសង់​ផ្លូវថ្នល់​និង​លូ​ជុំវិញ​ផ្សារលើ​តែប៉ុណ្ណោះ​៕???????????????????????????????