ក្រុងបាននូៈ ឧទ្ធម្ភាគចក្រប្រយុទ្ធប៉ាគីស្ថានជាច្រើនគ្រឿង បានវាយប្រហារខ្លាំងក្លាលើបណ្ដាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនៅភាគពាយព្យប្រទេសពីថ្ងៃសៅរ៍ ដោយសម្លាប់ឧទ្ទាមដល់ទៅ៣០នាក់។ នេះបើតាមវេបសាយបរទេសផ្សាយកាលពីថ្ងៃសៅរ៍។ ការប្រយុទ្ធ និងការវាយប្រហារយ៉ាងខ្លាំងក្លាលើពួកឧទ្ទាម ចំនួននៃក្រុមជនស៊ីវិលដែលភៀសខ្លួនពីការវាយប្រហារមួយដែលគេ រង់ចាំជាយូរនៅទីនោះ បានកើនឡើងហួសពី៣០ម៉ឺននាក់។
ការភៀសខ្លួនទាំងហ្វូងពីតំបន់កុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើង លើព្រំដែនអាហ្វហ្គានីស្ថាន បានកើតឡើងក្នុងសប្ដាហ៍នេះ បន្ទាប់ពីយោធាបានបើកការវាយប្រហារលើទីតាំងលាក់ខ្លួនរបស់ក្រុម សកម្មប្រយុទ្ធ បន្ទាប់ពីការវាយប្រហាររបស់ក្រុមតាលីបង់លើព្រលានយន្តហោះក្រុងការ៉ាជី ដែលធ្វើឲ្យមនុស្សរាប់សិបនាក់ស្លាប់ ផងដែរ។ ក្រុមជនស៊ីវិលបានភៀសខ្លួនចូលក្នុងក្រុងបាននូ ក្រុងប៉េស្ហាវ៉ារ និងក្រុងកូហាតរបស់ប៉ាគីស្ថាន និងឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ចំនួនជនភៀសខ្លួន ត្រូវបានរំពឹងថានឹងកើនឡើង ខណៈមនុស្សប្រមាណបីសែននាក់បាន ជាប់ក្នុងតំបន់វ៉ាហ្ស៊ីរីស្ថានខាងកើតដោយសារបម្រាមគោចរឃើញបាញ់ ដែលត្រូវបានបន្តមួយថ្ងៃបន្ទាប់ពីអស់សុពលភាពពីថ្ងៃសុក្រ។ ក្រុមអាជ្ញាធរបានប្រាប់ក្រុមអ្នកស្រុកដែលជាប់នៅទីនោះ ឲ្យចាកចេញពីតំបន់នោះនៅត្រឹមថ្ងៃអាទិត្យ។ ប្រមុខរដ្ឋការនៃតំបន់កុលសម្ព័ន្ធ លោក អាបាប អារីហ្វ បានប្រាប់ក្រុមអ្នកកាសែតនៅក្រុងប៉េស្ហាវ៉ារថា ចំនួនភៀសខ្លួនពីតំបន់នេះ បានកើនហួសពីបីសែននាក់៕