នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយអនុក្រឹត្យ លេខ ១៩ អនក្រ.បក ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋខេត្ត និងដាក់ឲ្យដំណើការអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងមានវត្តមានមន្ត្រីជាច្រើនរូបទៀតក្រោមឱវាទខេត្តទាំងមូលបានចូលរួមផងដែរ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានដាក់ឲ្យដំណើរការតាមក្រុង ស្រុក ខណ្ឌតាមការណែនាំ របស់ក្រសួង មហាផ្ទៃ និងរាជរដ្ឋាភិបាលដើម្បីបង្ខិតសេវាឲ្យនៅជិតប្រជាពលរដ្ឋសំដៅផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែ្អប្រសើរ ។
ឯកឧត្តម យន្ត មីន បន្តថា៖ការិយាល័យប្រជាពលរដ្ឋជាស្ថាប័នសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណ: និងការគ្រប់គ្រងរដ្ឋបាលក្នុងដែនសមត្ថកិច្ច សំដៅកែលម្អការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ដើម្បីរួមចំណែកលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ឯកឧត្តម យន្ត មីន បន្ថែមថា សុំអោយពលរដ្ឋមានការយោគយល់ចំពោះការយឺតយ៉ាងបន្តិចបន្តួចតែគ្រានេះដែរមន្ត្រីកំពុងពង្រឹងការងារអោយកាន់តែប្រសើរឡើងហើយ។
(ចាក់ឃ្លីប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ)
ជាមួយគ្នានេះដែរ លោក សំ សំអាត ជាប្រធានការិយាល័យប្រជាពលរដ្ឋ បញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ មានភារកិច្ចក្នុងការជូយសម្របសម្រួលដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការនិងជួយសម្រួលបញ្ហាទាំងឡាយដែលមន្ត្រីសេវាសាធារណៈបម្រើពលរដ្ឋមិនទាន់បានល្អ។
ចំណែក លោក ជា បាឈុន ប្រធានអង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តព្រះសីហុ បានបង្ហាញជំហរ ថានឹងខិតខំបម្រើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។
(សូមចាក់ប្រសាសន៏១. លោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋ ២.លោក ជា បាឈុន ប្រធានអង្គភាពច្រកចេញចូលតែមួយ)
សូមបញ្ជាក់ថា ចាប់តាំងពីបានដាក់អោយដំណើរការជាផ្លូវការនៃអង្គភាពច្រកចេញចូលតែមួយ សង្គេតឃើញថា ប្រជាពលរដ្ឋបានមកទទួលសេវាយ៉ាងផុលផុស ហើយមន្ត្រីច្រកគ្រប់ជំនាញបាននឹងកំពុងមមារញឹកក្នុងការបម្រើប្រជាជនយ៉ាងសកម្មបើទោះជាមានការលើកឡើងតាមបណ្តាញសង្គមខ្លះថាសេវានៅមានភាពយឺតយ៉ាងខ្លះក្តី។
តែជាយ៉ាងណា ប្រធានការិយាល័យទាំងពីរដែលទើបបង្កើតថ្មីនិងបានដាក់អោយដំណើរការថ្មីៗនេះប្តេជ្ញានឹងខិតខំបម្រើការងារជូនប្រជាជនអោយបានកាត់តែល្អប្រសើរតែសូមមានការយោគយល់ខ្លះចំពោះការយឺតយ៉ាវបន្តិចបន្តូចនាពេលនេះ៕