(ព្រះវិហារ): រថយន្តសាំយ៉ុងកែច្នៃមួយគ្រឿងដឹកឈើប្រភេទលេខ២ និងរថយន្តកាមរីហើម កែឆ្នៃមួយគ្រឿងទៀត ដឹកឈើប្រណីត ប្រភេទធ្នង់គ្រាក់ ត្រូវបានកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ស្ទាក់បង្ក្រាបបានកាលពីវេលាម៉ោងប្រមាណជាង៨ យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិត្រពាំងសង្កែខាងជើង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
គ្រាដែលរថយន្តទាំងពីកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ទៅលក់ចែកចែយបន្តតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេស។ រថយន្តទាំងពីគ្រឿងដែលសមត្ថកិច្ចបង្ក្រាបបាននោះ ទី១.ម៉ាកសាំយ៉ុង ពណ៏ទឹកបិចក្រម៉ៅ គ្មានពាក់ស្លាកលេខ ដឹកឈើក្តាប្រភេទលេខ២ និងទី២.រថយន្តកាមរីហើមកាត់គូត ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 2A.22.96.ដឹកឈើធ្នង់ប្រភេទគ្រាក់។
នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត លោក គឹម ជាដ្ឋាវី បានបញ្ជាក់អោយដឹងតាម ទូរស័ព្ទ នៅរសៀលថ្ងៃទី១៧ ខែសីហានេះថា វត្ថតាងដែលកម្លាំងជំនាញបានរឹបអូសទាំងពីរថយន្តរួមមាន÷ ឈើធ្នង់ចំនួន៣០ដុំ ស្មើនិង១ម៉ែត្រគីប១៦៤ ចំណែកឈើក្តាប្រភេទលេខ២មានចំនួន២២៨សន្លឹកស្មើនិង៤ម៉ែត្រគីប១៧៣។
យោងតាមប្រភពច្បាស់ការពីសមត្ថកិច្ចមួយចំនួនបានខ្សឹបប្រាប់អោយដឹងដែលថា រថយន្តសាំយ៉ុងកែច្នៃ ដែលកម្លាំងជំនាញបង្ក្រាបបានខាងលើនោះ ជារបស់ឈ្មួញឈើឈ្មោះ ឌី ដែលជាមេឈ្មួញឈើយ៉ាងសកម្មប្រចាំភូមិពាក់ស្បែក ក្នុងការដើរប្រមូលទិញឈើតាមបណ្តាភូមិមួយចំនួនក្នុងស្រុកជាំក្សាន្ត ហើយដឹកយកទៅលក់ចែកចាយបន្តតាមបណ្តាខេត្តនានា ដោយធ្វើដំណើរឆ្លងកាត់ស្ថាប័នពាក់ព័ន្ធ ជាច្រើនកន្លែងបានយ៉ាងរលូន មិនដែលឃើញមានសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធណាហ៊ានបង្រ្កាបឡើយ…?។
សូមបញ្ជាក់ផងដែរថា ចំពោះរថយន្តទាំងពី និងវត្ថុតាងឈើ ត្រូវបានរក្សាទុក្ខនៅក្នុងផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយ និងបង់ផាកពិន័យអន្តរកាលជូនរដ្ឋផងដែរ៕សួនលីណា