ភ្នំពេញ ៖ បុរសស្ដ្រី២នាក់ប្ដីប្រពន្ធជិះម៉ូតូមួយគ្រឿងក៏ត្រូវបុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងបុកចំពីមុខបណ្ដាលអោយដួល សំណាងគ្រាន់តែរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៤ត្រង់ចំណុចមុខហាង
កាត់ដេរ ខេស៊ី តាមបណ្ដោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
បើតាមសម្ដីរបស់ប្ដីប្រពន្ធរងគ្រោះទាំង២នាក់បានអោយដឹងថា រូបគាត់ទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-3030 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W-5337 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបើករេពេញផ្លូវ ហើយក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ២នាក់ប្ដីប្រពន្ធបណ្ដាលអោយដួល សំណាងគ្រាន់តែរងរបួសស្រាល ប៉ុន្តែបែកកញ្ចក់ទូរស័ព្ទអាយហ្វូន៤មួយគ្រឿង។ បន្ទាប់ពីកើតហេតុភាគីទាំងសងខាងក៏បានធ្វើការសម្របសម្រួល ដោយភាគីរងគ្រោះទារសំណងចំនួន៤០០ដុល្លារថ្លៃខូចខាតទូរស័ព្ទ ប៉ុន្តែភាគីបង្កមិនព្រមហើយក៏មានការទាស់សម្ដីគ្នា ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ចំណែកភាគីបង្កបានទូរស័ព្ទហៅបុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថដែលអះអាងថាខ្លួនប្រាប់សមត្ថកិច្ចនិងអ្នកសារព័ត៌មាន ជាមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក និងបានបញ្ជាអោយម្ចាស់រថយន្តបើករថយន្តចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់មិនអោយយករថយន្តទៅ ហើយក៏មានការប្រតាយប្រតប់គ្នារវាងសមត្ថកិច្ចនិងបុរសដែលថាខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ។ បន្ទាប់ពីកើតហេតុបុរសដែលអាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថនោះបាននាំបើកបរថយន្តក្នុងស្ថានភាពស្រវឹងបង្កហេតុនោះគេចពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គេសង្កេតឃើញបុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថស្លៀកពាក់ស៊ីវិលដែលអះអាងខាងខ្លួនជាមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចេញមុខមកកាងរថយន្តបង្កគ្រោះថ្នាក់ចរាចរនិងរារាំងសមត្ថកិច្ចមិនអោយធ្វើការវាស់វែងយករថយន្តទៅដោះស្រាយ ថែមទាំងមិនអោយអ្នកសារព័ត៌មានផ្ដិតយករូបភាពថែមទៀតផង៕