កំពង់ចាម: ដោយស្ថិតក្នុងរដូវត្រីពងកូន និងហាមឃាត់ការធ្វើនេសាទដោយប្រើប្រាស់ស្បៃមុងក្រឡាញឹក សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តកំពង់ចាម បានបើកយុទ្ធនាការយ៉ាងក្ដៅគគុក ក្នុងការចុះបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ដោយធ្វើការរឹបអូសនូវឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទដុតបំផ្លាញចោល និងធ្វើការរំដោះកូនត្រីចម្រុះ ចាក់ព្រលែងចូលក្នុងបឹងធម្មជាតិវិញជាបន្តបន្ទាប់ផងដែរ។
លោកអ៊ុក ណារិន នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បានឲ្យដឹងថា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយ រដ្ឋបាលជលផល អាជ្ញាធរស្រុកបាធាយ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាល កងរាជអាវុធហត្ថស្រុកបាធាយ និងប៉ុស្ដិ៍នគបាលរដ្ឋបាលជាលា ច្បារអំពៅ បានចុះបង្ក្រាបការធ្វើនេសាទដោយខុសច្បាប់ជាបន្តបន្ទាប់ សរុបចំនួន ០៣ករណី ព្រមទាំងបានដុតបំផ្លាញចោលនូវឧបករណ៍ល្មើសច្បាប់ជាច្រើន និងធ្វើការរំដោះកូនត្រីចម្រុះប្រមាណ៤៦៤គីឡូក្រាម ចាក់ព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។
លោកអ៊ុក ណារិន នាយខ័ណ្ឌរដ្ឋបាលជលផល បានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបានធ្វើការរឹបអូសនូវឧបករណ៍ខុសច្បាប់រួមមាន ករណីទី១-បានធ្វើឡើងនៅចំណុចមេទឹកតាមែង ឃុំជាលា ស្រុកបាធាយ ដោយរឹបអូសបាន លូស្បៃមុងចំនួន ៥៧មាត់ របាំងស្បៃមុងប្រវែង២៨៥០ម៉ែត្រ និងបង្គោលចម្រឹងឫស្សីចំនួន៨៥៥ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះទម្ងន់២១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
ករណីទី២- បានធ្វើឡើងនៅចំណុចទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ដោយរឹបអូសបាន លូស្បៃមុងចំនួន៦៥មាត់ របាំងស្បៃមុងប្រវែង៣២៥០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន៩៧៥ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះទម្ងន់២៣២គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
និងករណីទី៣-បានធ្វើឡើងនៅចំណុចទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ដោយរឹបអូសបាន ឧបករណ៍រ៉ាវចំនួន០១មាត់ របាំងសាច់រ៉ាវប្រវែង១០០ម៉ែត្រ និងបង្គោលចម្រឹងឬស្សីចំនួន៥០ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះទម្ងន់០២គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញផងដែរ។
ដោយឡែក នាព្រឹកថ្ងៃទី២៤ ខែសីហា នេះដដែល ក្រោយទទួលបានព័ត៌មានអំពីបទល្មើសនេសាទខុសច្បាប់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាលោកអធិការស្រុកស្រីសន្ឋរ និងបានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ចុះបង្ក្រាបបទល្មើសនេសាទត្រីខុ នៅជុំវិញទឹកដីភូមិសាស្ត្រឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបានលូស្បៃមុងចំនួន១០មាត់ ព្រួលចំនួន៣០០ម៉ែត្រ និងចាក់ព្រលែងកូនត្រីចម្រុះទម្ងន់១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ ដោយមានបទបញ្ជាពីលោកអភិបាលនៃគណអភិបាលស្រុកស្រីសន្ធរ ឧបករណ៍បទល្មើសទាំងនោះ ត្រូវបានធ្វើការដុតបំផ្លាញចោល នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍តែម្តង។
ជាមួយគ្នានោះ កម្លាំងជំនាញនគរបានព្រហ្មទណ្ឌស្រុកស្រីសន្ធរ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកដំបូក បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចខាងត្បូងភូមិតាមុឺន និងភូមិព្រែកដំបូកលើ ក្នុងភូមិសាស្ត្រឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តការនេះ កម្លាំងសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានវត្ថុតាង លូស្បៃមុងសរុបចំនួន០៤មាត់ និងព្រួលមានប្រវែងចំនួន៥០០ម៉ែត្រ ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះទម្ងន់១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញផងដែរ។
ចំពោះឧបករណ៍បទល្មើសដែលជាវត្ថុតាង ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក ដើម្បីរងចាំបទបញ្ជាចាត់ការបន្ត៕