កំពង់ចាាម: មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរាយប៉ាយ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ដៅ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបបទល្មើសជលផល ជាបន្តបន្ទាប់ ចំនួន៣ករណី នៅតាមបណ្ដាភូមិចំនួន៦ គឺភូមិទួលវិហារ ព្រែកប្រណាក រាយប៉ាយលើ គោគក្របី កន្លែងរុន និងភូមិបឹងទទា ស្ថិតក្នងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងបានដុតបំផ្លាញចោលនូវឧបករណ៍បទល្មើសនេសាទ និង រំដោះកូនត្រីចម្រុះ ចាក់ព្រលែងចូលក្នុងបឹងធម្មជាតិវិញផងដែរ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដែលបានដឹកនាំក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ការចុះបង្ក្រាបលើកនេះ កម្លាំងជំនាញបានធ្វើឡើង ជាបន្តបន្ទាប់ ដោយករណីទី១-ធ្វើឡើងនៅចំណុចក្រោយវត្តរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស រឹបអូសបាន លូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុងប្រវែង១០៥០ម៉ែត្រ និងបង្គោលចម្រឹងសរុប៣១៥ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់៥៣ គីឡូក្រាម។
ករណីទី២-ធ្វើឡើង នៅចំណុចភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស រឹបអូសបាន លូស្បៃមុងចំនួន៣៧មាត់ របាំងស្បៃមុងប្រវែង១៨៥០ម៉ែត្រ និងបង្គោលចម្រឹងសរុប៥៦០ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់៩២ គីឡូក្រាម។
និង ករណីទី៣-បានធ្វើឡើង នៅចំណុចកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស រឹបអូសបាន លូស្បៃមុងចំនួន២៥មាត់ របាំងស្បៃមុងប្រវែង១២៥០ម៉ែត្រ និងបង្គោលចម្រឹងសរុប៣៧៥ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់៦២ គីឡូក្រាម។
សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឡើង ពីភូមិសាស្ត្រឃុំស្តៅ រហូតដល់ ឃុំរាយប៉ាយ ស្រុកកងមាស ជាលទ្ធផលកម្លាំងជំនាញបង្ក្រាបបានរួមមាន លូស្បៃមុងចំនួន៨៣មាត់ ព្រួលស្បៃ៤.១៥០ម៉ែត្រ ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់២០៧គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ចំណែកឧបករណ៍បទល្មើសខាងលើ ត្រូវដុតបំផ្លាញចោល នៅនឹងកន្លែងកើតហេតុតែម្ដង ៕