កំពង់ចាម: មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកម្លាំងនគរបាលស្រុកបាធាយ និងការិយាល័យនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តកំពង់ចាម ព្រមទាំងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រប់ និងសហគមន៍នេសាទឃុំត្រប់ បានចុះបង្ក្រាបបទល្មើសជលផល នៅឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានចំនួន០៤ករណី និងដុតបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន៖ ករណីទី១-បានធ្វើឡើងនៅចំណុចតាមប្រឡាយទំនប់ឫស្សីច្រាញ់ ឃុំត្រប់ ស្រុកបាធាយ ដោយរឹបអូសបាន លូស្បៃមុងចំនួន១២មាត់ របាំងស្បៃមុងប្រវែង៦០០ម៉ែត្រ និងបង្គោលចម្រឹងសរុប១៨០ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់ ១៨គីឡូក្រាម។ករណីទី២-បានធ្វើឡើង នៅចំណុចទួលគួកសំរោង ឃុំត្រប់ ស្រុកបាធាយ ដោយរឹបអូសបាន លូស្បៃមុងចំនួន២៥មាត់ របាំងស្បៃមុងប្រវែង១៥០០ម៉ែត្រ និងបង្គោលចម្រឹងសរុប៤៥០ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់៥៤គីឡូក្រាម។
ករណីទី៣-បានធ្វើឡើង នៅចំណុចទួលគួកសំរោង ឃុំត្រប់ ស្រុកបាធាយ ដោយរឹបអូសបាន ឧបករណ៍រ៉ាវ២១មាត់ របាំងរ៉ាវប្រវែង១២៥០ម៉ែត្រ និងបង្គោលចម្រឹងសរុប៣១៥ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់២១គីឡូក្រាម។
ករណីទី៤-បានធ្វើឡើង នៅចំណុចបឹងស្រះហ៊ីង ឃុំត្រប់ ស្រុកបាធាយ ដោយរឹបអូសបាន លូស្បៃមុងចំនួន១៥មាត់ របាំងស្បៃមុងប្រវែង៧៥០ម៉ែត្រ និងបង្គោលចម្រឹងសរុប២២៥ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់៣០គីឡូក្រាម។
លោកអ៊ុក ណារិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឡើង ពីភូមិសាស្ត្រទំនប់ឫស្សីច្រាញ់ រហូតដល់ ទួលគួកសំរោង និងបឹងស្រះហ៊ីង ស្ថិតក្នងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ជាលទ្ធផលកម្លាំងជំនាញបង្ក្រាបបានរួមមាន លូស្បៃមុង និងឧបករណ៍រ៉ាវសរុបចំនួន៨២មាត់ ព្រួលស្បៃប្រវែង៤១០០ម៉ែត្រ និងបង្គោលចម្រឹង១១៧០ដើម ព្រមទាំងចាក់ព្រលែងកូនត្រីចម្រុះសរុបទម្ងន់១២៣គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ចំណែកឧបករណ៍បទល្មើសខាងលើ ត្រូវដុតបំផ្លាញចោល នៅនឹងកន្លែងកើតហេតុតែម្ដង ៕