លោក យន្ត មីន ទទូចអោយមន្ត្រីទាំងអស់ត្រូវបំពេញតួនាទីភារកិច្ចអោយបានសកម្មដោយយកច្បាប់ជាគោល។

0

មន្ត្រីទាំងអស់ត្រូវបំពេញតួនាទីភារកិច្ចអោយបានសកម្មក្នុងការបម្រើប្រជាពលរដ្ឋអោយបានល្អដោយយកច្បាប់ជាគោល។

នៅចំពោះមុខវត្តមានមន្ត្រីមកពីស្ថាបន័ អង្គភាពក្រោមឱវាទខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងលើកទិសដៅការងារសំរាប់ខែកញ្ញាឆ្នាំ២០១៨ នាព្រឹកថ្ងៃង្គារ ២រោចខែស្រពណ៌ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរចំពោះការខិតខំរបស់មន្ត្រីក្រោមឱវាទទាំងអស់ដែលបានខិតខំបំពេញការងារបានលទ្ធផលល្អគួរកត់សំគាល់និងធ្វើអោយពលរដ្ឋមានការគាំទ្រយ៉ាងច្រើនលើសលុប។

ប៉ុន្តែទោះជាបែបនេះក្តីក៏នៅមានបញ្ហាប្រឈមជាច្រើនផងដែរយើងត្រូវតែរួមគ្នាកែលម្អនិងខិតខំបន្ថែមទៀត។

បញ្ហាប្រឈមទាំងនោះរួមមាន៖សណ្តាប់ធ្នាប់ ចរាចរណ៏ សន្តិសុខ គ្រឿងញៀន ការរំលោភអូរ ប្រឡាយ ចិញ្ចើមផ្លូវ បញ្ហាសំរាមប្រមូលមិនទាន់ បញ្ហាផ្លូវខូចដែលត្រូវដោះស្រាយបន្ទាន់ សំណង់អត់ច្បាប់ឬរំលោភច្បាប់នៅតែបន្តកើតមាន ការទន្ទ្រានព្រៃនិងដីសាធារណៈរបស់រដ្ឋរបស់ក្រុមពលរដ្ឋអនាធិបតេយ្យខ្លះនៅតែកើតមានជាច្រើនកន្លែងជាដើម។

តែយ៉ាងណាជុំវិញបញ្ហាទាំងនេះ ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នក់ត្រូវរួមគ្នាជាមួយមន្ត្រីជំនាញអនុវត្តការងារតាមតួនាទីរបស់ខ្លួនអោយបានសកម្មជាងមុនដោយអនុលោមតាមច្បាប់ជាគោល។

ឯកឧត្តម យន្ត​ មីន បន្តថា ពេលនេះជាដំណាក់កាលចុងក្រោយហើយគឺមានតែវិធានការតាមផ្លូវតុលាការប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាទាំងនេះបាន ព្រោះកន្លងមកអ្នកទាំងនោះហាក់ដូចជាអប់រំអស់ចិត្តដែរតែដូចជាអប់រំលែងចូលទៅហើយ៕