ព្រះវិហារ៖ មន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារនាំកម្លាំងសមត្ថកិច្ចចូលរួមមានយោធាយាមឲ្យក្រុមហ៊ុនចិនមកពីកងពលធំលេខ៣ចំនួន៥នាក់និងនគរបាលស្រុករវៀង៥នាក់ដឹកនាំដោយលោក ចាន់ មុត អនុប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត លោក ធៀម គឹមអៀង ប្រធានការិយាល័យរ៉ែសរុប១២នាក់ ចុះទៅបង្ក្រាបប្រជាពលរដ្ឋរែងមាសជាលក្ខណ:គ្រួសារពេលចុះទៅដល់ទីតាំងបង្ក្រាបត្រូវបានប្រជាពលរដ្ឋជាច្រើននាក់បង្ក្រាបវិញនាំគ្នារត់បះសក់ជ្រូងត្រឡប់មកវិញកាលពីរសៀលថ្ងៃទី ២៤ ខែមិថុនា កន្លងទៅនេះ នៅចំណុចឈើភ្លើងស្ថិតនៅ ភូមិភ្នំដែកឃុំរមនីយ ស្រុករវៀងខេត្តព្រះវិហារ។
លោក គង់មករា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាន ឲ្យដឹងថាលោកបានទទួលព័ត៌មានថានៅចំណុចឈើភ្លើងស្ថិតនៅភូមិភ្នំដែកឃុំរមនីយស្រុករវៀងខេត្តព្រះវិហារមានប្រជាពលរដ្ឋយ៉ាងច្រើនដែលមកពីបណ្តាខេត្តនានា និង ប្រជាពលរដ្ឋក្នុងខេត្តបានមកធ្វើរ៉ែមាសខុសច្បាប់ ហើយលោកបានរៀបចំកម្លាំងសហការជាមួយនិងសមត្ថកិច្ចចុះទៅបង្ក្រាបបែរជាប្រជាពលរដ្ឋធ្វើការតវ៉ា ធ្វើឲ្យកម្លាំងសមត្ថកិច្ចពិបាកក្នុងការបង្ក្រាបក៏សម្រាចចិត្ត ដកកម្លាំងត្រឡប់មកវិញរងចាំខេត្តមានវិធានការបន្តទៀត។
លោកប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត បានបន្តទៀតថាប្រជាពលរដ្ឋដែលចំណាកស្រុកមកពីខេត្តនានាមានច្រើន ហើយប្រជាពលរដ្ឋទាំងនោះមិនមែនធ្វើជាលក្ខណ:គ្រួសារនោះទេពួកគាត់បានដាក់ម៉ាស៊ីនដើម្បីរែងយករ៉ែមាសនិងបានជីកដីយករ៉ែដោយខុសបច្ចេកទេសអាចបង្កឱ្យមានគ្រោះថា្នក់ព្រោះរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយប្រជាពលរដ្ឋមិនទៅធ្វើស្រែចំការទេបែជាមកធ្វើរ៉ែមាសទៅវិញ និងជាពិសេសកូនក្មេងតូចៗមិនបានចូលរៀននោះទេ ។
ប្រជាពលរដ្ឋដែលមកធ្វើរ៉ែមាសនៅចំណុចខាងលើបានចោទប្រធានមន្ទីររ៉ែនិងថាមពលខេត្តថា កាន់ជើងតែជនជាតិ ចិន និង វៀតណាម ដែលមានលុយឲ្យតែ ប៉ុណ្ណោះ ចំពោះជនជាតិខ្មែរក្រីក្រ គ្មានលុយឲ្យវិញធ្វើអ្វីក៏ខុសច្បាប់តែទាំងអស់សូម្បីតែប្រជាពលរដ្ឋធ្វើជាលក្ខណៈគ្រួសារក៏ខុសច្បាប់ដែរ ។ ប្រជាពលរដ្ឋបានបន្តទៀតថាធ្វើរ៉ែជាលក្ខណ:គ្រួសារនេះបានមាសក្នុងមួយថ្ងៃ ចំនួន៣លី តែប៉ុណ្ណោះ ។ ពួកគាត់បានបន្ថែមទៀតថា មូលហេតុដែលពូកគាត់មកជីករ៉ែមាសនេះព្រោះពួកគាត់មានជីវភាព ក្រីក្រ និង គ្មានការងារធ្វើ។ ដោយ យ៉ែម ណាល់