ឯកឧត្តម​ យន្ត​ មីន​ ព្រមានចាត់វិធានការក្តៅ​ ទៅលើជនខឹលខូចដែលកាប់ទន្រ្ទានដីព្រៃឈើនិងដីព្រៃលិចទឹក​

0

(ខេត្តព្រះសីហនុ)៖ឯកឧត្តម​ យន្ត​ មីន​ អភិបាល​ នៃគណៈអភិបាលខេត្ត​ព្រះសីហនុ​ បានព្រមានថានឹងចាត់វិធានការក្តៅ ទៅលើជនខឹលខូចទាំងឡាយណា​ដែលកាប់ទន្រ្ទានព្រៃឈើដូចជាតំបន់ក្បាលឆាយ កោះរ៉ុង​ និងដីព្រៃលិចទឹក​  ជាជម្រកមច្ឆាជាតិនៅតាមតំបន់នានាក្នុងខេត្តជាពិសេសស្រុកព្រៃនប់ជាដើម។

ក្នុងនោះដែរ លោកបានព្រមានធ្ងន់ៗជាថ្មីទៀត ចំពោះបុគ្គលទាំងឡាយណាដែលបានលួចឃុបឃិតគ្នាធ្វើសកម្មភាពទន្ទ្រានដីព្រៃនៅតំបន់ក្បាលឆាយ​យកដីកាន់កាប់ នឹងត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែងទៀតឡើយ។

ឯកឧត្តម យន្ត មីន បញ្ជាក់បន្ថែមថា៖ ក្បាលឆាយដាច់ខាតត្រូវតែការពារអោយបាន ។ចំពោះតំបន់ដែលរងការកាប់ឆ្ការទន្ទ្រានកន្លងមកនឹងធ្វើការស្តារឡើងវិញដើម្បីរក្សាប្រភពទឹកសាបសំរាប់ប្រើប្រាស់នៅខេត្តព្រះសីហនុទាំងមូល។

នេះបើយោងតាមប្រសាសន៏របស់ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ មន្រ្តីរាជការ​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី​ ០៣​ ខែកញ្ញា​ ឆ្នាំ២០១៨​។

ជាមួយគ្នានេះដែរ ឯកឧត្តម យន្តមីន ​ អភិបាលខេត្ត​ បានជម្រុញអោយជំនាញជលផល​ និងកសិកម្ម ត្រូវបំផុសដល់ប្រជាពលរដ្ឋអោយខិតខំលើកស្ទួយផ្នែកកសិម្មទាំងការដាំដុះនិងការចិញ្ចឹមត្រី /បង្គារ តាមលក្ខណៈបច្ចេកទេសទំនើបដើម្បីបង្កើនផលិតផលក្នុងស្រុក ខណៈដែលសព្វថ្ងៃនេះខេត្តព្រះសីហនុ បន្លែ ត្រី សាច់ ភាគច្រើននាំចូលពីតំបន់ផ្សេងសំរាប់ផ្គត់ផ្គង់។ប្រសិនជាកសិករយើងអាចធ្វើបាននោះនឹងអាចកាត់បន្ថយការនាំចូល​ប្រហែល​ ​ និង​អាចលើកស្ទួយជីវភាពគ្រួសារពួកគាត់បានមួួយកំរិតថែមទៀត៕(សាវ៉ុន)