សៀមរាប: រាជរដ្ឋាភិបាលកម្ពុជា មានគំរោងដាក់ចំការព្រៃមេពូជមួយកន្លែងដែលមានទំហំជិត២០០០ហិកតា នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ធម្មជាតិ ។ ចំការមេពូជនេះ ត្រូវបានមន្ត្រីដែលទទួលខុសត្រូវមើលថែ បានអះអាងថា ជាកន្លែងដែលមានដើមឈើគ្រញូងធំៗរាប់រយដើម។
លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ ដែលជាអ្នកទទួលខុសត្រូវការពារតំបន់ចំការព្រៃមេពូជនេះបានឲ្យដឹងថា ដោយពិនិត្យឃើញពីសកត្តានុពលទេសចរណ៍របស់ចំការព្រៃមេពូជនេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងកសិកម្មជាសេនាធិការ បានរៀបចំប្រែក្លាយតំបន់នេះ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចទទួលភ្ញៀវមកស្នាក់នៅ ដាំកូនឈើក្នុងសួនអនុស្សាវីយ៍ និងដើរទស្សនាដើមឈើគ្រញូងធំៗបានទៀតផង ។
ចម្ការព្រៃមេពូជឈើគ្រញូងនេះស្ថិតនៅក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានទំហំ១៨៨៨ហិកតា និងមានដើមគ្រញូងធំៗ ប្រមាណជាង៥០០ដើម។
បើតាមលោក សេង លន ការប្រែក្លាយតំបន់នេះជាកន្លែងទេសចរណ៍ ជាផ្នែកមួយនៃការចូលរួមការពារដើមឈើគ្រញូង ដែលជាប្រភេទឈើដ៏កំរ នៅក្នុងប្រទេសកម្ពុជា៕





































