សាលាខេត្តព្រះសីហនុ​ គ្រោងប្រែក្លាយផ្លូវដីក្រហមមួយខ្សែនេះអោយទៅជាផ្លូវបេតុងក្នុងពេលដ៏ឆាប់ខាងមុខនេះ

0

(ខេត្តព្រះសីហនុ៖)អភិបាលខេត្តព្រះសីហនុ​ និងប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ចុះពិនិត្យផ្លូវដីក្រហមមួយខ្សែបែកចេញពីផ្លូវជាតិលេខ៤ភ្ជាប់មកក្រុងព្រះសីហនុ ដោយគ្រោងចាក់បេតុងជូនពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ។

នៅរសៀលថ្ងៃអង្គារទី១១ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាខេត្តព្រះសីហនុ ឯកឧត្តម​ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងមន្ត្រីជំនាញរួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពផ្លូវដីក្រហមមួយខ្សែបែកពីផ្លូវជាតិលេខ៤ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ឃ្លាំងលើសង្កាត់លេខ១ ភ្ជាប់ផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ​ ដោយគ្រោងប្រែក្លាយផ្លូវដីក្រហមមួយខ្សែនេះអោយទៅជាផ្លូវបេតុងក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលជាជំនួយរប្បុរសជនគ្រោងចំណាយប្រមាណជិតកន្លះលានដូល្លារអាមេរិច។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ឆ្លើយតបចំពោះស្ថានភាពចរាចរណ៍នៅខេត្តព្រះសីហនុ មានភាពមមាញឹកខ្លាំងដោយសារលទ្ធផលនៃការអភិវឌ្ឍរយៈពេលពីរឆ្នាំក្រោយនេះនិងកំណើនយានយន្ត បានកើនឡើងខ្លាំងស្ទើរមិននឹកស្មានដល់ រដ្ឋបាលខេត្តត្រូវតែគិតគូជាចាំបាច់ក្នុងការកែលម្អផ្លូវអោយបានប្រសើរដើម្បីសម្រួលចរាចរណ៍អោយបានកាន់តែប្រសើរថែមទៀត។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្នុងពេលឆាប់ៗខាងមុខនេះខេត្តនឹងកែលម្អផ្លូវនេះអោយទៅជាផ្លូវបេតុងដើម្បីអោយពលរដ្ឋអាចប្រើប្រាស់និងអាចកាត់បន្ថយការកកស្ទះបានមួយកម្រិតដែរជាពិសេសនៅចំណុចកែងស្ថានីយរថភ្លើងក្រុងព្រះសីហនុ ដែលជាច្រកចូលក្រុងព្រះសីហនុសំខាន់មួយហើយតែងមានការកកស្ទះចារាចរណ៍ជាខ្លាំងរាល់ថ្ងៃ។

ឯកឧត្តម យន្ត មីន និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងអំណគុណចំពោះសប្បុរសជនដែលបានចូលរួមជារមួយរដ្ឋបាលខេត្តក្នុងកាស្ថាបនាផ្លូវជូនពលរដ្ឋបានប្រើប្រាស់។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត បានបញ្ជាក់ថា ក្រៅពីផ្លូវនេះរដ្ឋបាលខេត្ត គ្រោងធ្វើផ្លូវបេតុងតាមភូមិជាច្រើនខ្សែទៀតដែរ។

ទន្ទឹមនោះដែរ ឯកឧត្តម យន្ត​ មីន ក៏បានសំដែងកង្វល់ទាក់ទងនឹងស្ថានភាពផ្លូវនៅខេត្តព្រះសីហនុ ដែលបានរងការខូចខាតយ៉ាងដំណំដោយសារភ្លៀងវាយប្រហារក្នុងដូវវស្សាឆ្នាំនេះ ហើយត្រូវការថវិកាជាច្រើនសន្ធឹកដើម្បីស្តារឡើងវិញ។

ផ្លូវគ្រោងចាក់បេតុង១៤១៤មទទឹង៨,២តឹក កម្រាស់២តឹក

តាមលោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ​ បានអោយដឹងថា​ផ្លូវនេះមានលេខ៨២៣ បែកចេញពីផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្អនៈតូតាល់ឃ្លាំងលើសង្កាត់លេខ១ភ្ជាប់មកផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ មានប្រវែង១៧២៥ម ។សព្វថ្ងៃនេះផ្លូវនេះបានចាក់បេតុងបានជាង៣០០ម ហើយ។ពេលនេះគ្រោងចាក់ថែមប្រវែង១៤១៤ម  ទទឹង៨,២ម កំរាស់២តឹក ប្រើឆ្អឹងដឹក១០ លី ពីរជាន់។

លោក គុយ ណាត

តាមគម្រោងផ្លូវនេះគ្រោងចំណាយទឹកប្រាក់ចំនួនជាង៤០ម៉ឺនដុល្លារអាមេរិច ​ជាអំណោយរបស់ លោក គុយ ណាត បានជូនជាចំណងដៃចំពោះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ៕