ពលរដ្ឋឃុំដូងមួយចំនួនងាកមករករបរថ្មីដើរកាប់វល្លិក្រព័ទ្ធជ្រូកនិងវល្លិត្រីលក់អោយឈ្មួញវៀតណាមគ្រាន់បានកំរ៉ៃផ្គត់ផ្គង់គ្រួសារ៖

0

ស្វាយរៀង៖ប្រជាពលរដ្ឋនៅឃុំដូងស្រុករមាសហែកខេត្តស្វាយរៀងមួយចំនួនបាននាំគ្នាចូលព្រៃដើរកាប់វល្លិពីរប្រភេទដែលឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំផ្សំពីរុក្ខជាតិដើម្បីព្យាបាលដល់មនុស្សដែលមានជម្ងឺផ្សេងៗនៅក្នុងប្រទេសរបស់គេ។

ពលរដ្ឋដែលកំពុងតែដឹកវល្លិតាមម៉ូតូចេញពីក្នុងព្រៃបានថ្លែងបានភ្នាក់ងារfresh newsប្រចាំខេត្តស្វាយរៀងថាពួកគាត់រករបរដើរកាប់វល្លិក្នុងព្រៃនេះជាច្រើនឆ្នាំមកហើយចំណែកកំរ៉ៃដែលទទួលបានពីរបរនេះក៏បានគួរសមដែរគ្រាន់បានផ្គត់ផ្គង់ជីវភាពបានមួយកំរិតផងដែរ។

ពលរដ្ឋបានបញ្ជាក់ទៀតថាវល្លិដែលត្រូវប៉ាន់ហើយឈ្មួញវៀតណាមទិញនោះគឺវល្លិរឺដើមក្រព័ទ្ធជ្រូកនិងវល្លិត្រី វល្លិទាំងពីនេះភាគច្រើនដុះក្នុងព្រៃត្រូវចំណាយពេលចូលទៅក្នុងព្រៃកាប់រយះពេលមួយព្រឹករឺមួយថ្ងៃទើបបានលក់ដោយវល្លិទាំងពីនេះពុំសូវសំបូរនោះទេទាល់តែព្យាយាមដើររកបន្តិចទើបជួបប្រទះ។

ពលរដ្ឋបានបន្តទៀតថាចំណែកតំលៃវល្លិនេះវិញក្នុង១គីឡូបាន៨០០រៀលទៅ១០០០រៀលតែបើហាលអោយស្ងួតវិញបាន១២០០ទៅ១៤០០រៀលហើយក្នុងមួយថ្ងៃបានចាប់ពី៤០ទៅ៥០គីឡូូដូច្នេះបានប្រាក់គួរសមដែរតែបើឈ្មួញវៀតណាមផ្តាក់វិញយ៉ាប់ដែរមិនដឹងថាកាលណាអោយលុយទេវាយូបន្តិចហើយមិនដឹងរកអីចេះតែនាំគ្នាទៅកាប់វល្លិមកលក់ទៅ។

ទោះបីយ៉ាងណាការដើររកវល្លិលក់ពីប្រជាពលរដ្ឋនៅឃុំដូងនេះមិនបានបញ្ជាក់អោយបានក្បោះក្បាយថាវល្លិទាំងពីប្រភេទនេះឈ្មួញវៀតណាមទិញយកទៅធ្វើថ្នាំអីនោះទេប៉ុន្តែតម្រូវការទិញវល្លិនេះវិញគឺមានបញ្ជាទិញកើនឡើងអោយតែមានលក់ទិញគ្មានសល់នោះទេ៕