នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ អសមត្ថភាពបង្រ្កាបបទល្មើសដឹកជញ្ជូនឈើ បែរជាកម្លាំងប៉ូលិស ចាប់ប្រគល់ឲ្យទៅវិញ

0

ខេត្តសៀមរាបៈ ករណីសមត្ថកិច្ចប៉ូលិស នៃអធិការស្រុកសូទ្រនិគម បង្រ្កាបរថយន្តដឹកឈើប្រណិត និងឈើ​លេខ២ ប្រគល់ឲ្យមេព្រៃ ដែលជាសមត្ថកិច្ចជំនាញ បែរជាដេកអេះពោះចាំទទួលស្រាប់ និងបង្ហិនលុយភាស៊ី ប្រជាជន ដែលមានការឡាក់លឺយ មិនទទួលខុសត្រូវនូវតួនាទីរបស់ខ្លួន ជាអ្នកអភិរក្ស បង្រ្កាបបទល្មើស​ព្រៃឈើ ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជា បានទទួលលាភស្ការៈពីឈ្មួញទេដឹង បានជា​មេព្រៃ សង្កា្តត់រដ្ឋបាលស្វាយលើមិនខ្ចីបង្រ្កាប។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ សូម្បីតែឈើមួយកូនដុំ ក៏មិន​អាចគេចផុតពីក្រញ៉ាំដៃរបស់មេព្រៃស្រុកស្វាយលើដែរ ដោយគ្រប់ឡាន ទាំងអស់ដែលចង់រកស៊ី សុទ្ធតែ សែនដល់អ្នកតាម ម្ចាស់ទឹកម្ចាស់ដី នៃទឹកដីស្រុកស្វាយលើដែរ ដែលធ្វើឲ្យសង្ស័យថា រថយន្តសាំយ៉ុង និង រថយន្តយីឌុប ដឹកឈើប្រណិត ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ ពុំត្រូវបានអ្នកតាស្វាយលើកាច់ សង្ស័យ ម្ចាស់ឡានសែនរួចហើយ តែសំណាងមិនល្អ ប៉ះចំមន្រ្តីស្អាតស្អំ អនុវត្តខុសតួនាទី ចាប់បង្រ្កាបជូនលោកមេ ព្រៃវិញ ដោយសារទើសភ្នែកពេក ហើយមិនចង់ឲ្យក្រុមឈ្មួញទាំងនេះ បន្តដឹកជញ្ជូនដោយគ្មានច្បាប់។

ជាក់ស្តែង រថយន្តយីឌុប HYUNDAI ពណ៌ស ទ្រងខៀវ ពាក់ស្លាកលេខតាកែវ3A1718  ០១គ្រឿង បានដឹក ឈើដោយគ្មានច្បាប់អនុញ្ញាតិ ចេញពីស្រុកស្វាយលើ ត្រូវបានកម្លាំងនៃអធិការស្រុកសូត្រនិគម ដឹកនាំ​កម្លាំងចុះឃាត់រថយន្តដោយ លោក វរសេនីយ៍ឯក  ឯក ណុប សារ៉ាក់ ចាប់បាន នៅនៅចំណុចភូមិអូរលុះ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបវេលាម៉ោង១០ និង០៧នាទីព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ និងបាន ពិនិត្យឃើញប្រភេទឈើផ្ចឹកចំនួន បឋម ២០m3។

សមត្ថកិច្ចនៃអធិការស្រុកសូទ្រនិគម បានឃាត់យកវត្ថុតាង ដែលបង្រ្កាបបាន រថយន្តយីឌុប HYUNDAI ចំណុះ២៥តោន ឈើផ្ចឹកចំនួន បឋម ២០m3 ម្ចាស់ឈើម្នាក់ ០១នាក់ ឈ្មោះស សៀក ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគ្រាំងតូច ឃុំប្រាំបីមុំ ស្រុកបាទី ខេត្តតាកែវ ចំពោះវត្ថុតាង និងមធ្យោបាយដឹកជញ្ជូន រួមទាំងម្ចាស់ឈើ ត្រូវបានប្រគល់ទៅឲ្យមន្ត្រី នៃសង្កាត់រដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម ដើម្បីអនុវត្តទៅតាមនិតិវិធី ដោយអនុលោមទៅតាម *ច្បាប់ ស្តីពីព្រៃឈើ។ ដោយ  ប៊ុន  រដ្ឋា