បើតាមសារព័ត៌មាន ក្នុងស្រុករបស់ជប៉ុន បានផ្សាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុន និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជានិតកូរ៉េ (កូរ៉េខាងជើង) គ្រោងនឹងជួបពិភាក្សា សប្តាហ៍ក្រោយ ជុំវិញបញ្ហាចាប់ជំរិត ជនជាតិ ជប៉ុន កាលពីឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ខណៈប្រទេស
កូរ៉េខាងជើង បានព្រមព្រៀងគ្នាកាលពី ពេលមុននេះថា នឹងចាប់ផ្តើមការស៊ើបអង្កេតថ្មី។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាមការផ្សាយរបស់ សារព័ត៌មានក្យូដូជប៉ុនថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង នឹងបញ្ជាក់ទៅកាន់ រដ្ឋាភិបាលទីក្រុង តូក្យូថា ថានឹងបង្កើត ក្រុម ស៊ើបអង្កេតថ្មីមួយ ពាក់ព័ន្ធនឹងការចាប់ជំរិតនេះ។
សារព័ត៌មានក្យូដូរបស់ជប៉ុន បានផ្សាយថា កិច្ចប្រជុំរយៈពេលពីរថ្ងៃ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី០១ ខែកក្កដា ចំណែក លោក សុង អ៊ីលហូ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង រំពឹងថា នឹងធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ ក្រុមស៊ើប អង្កេតទៅលោក ជូនីឈី អ៊ីហារ៉ា ប្រធានគ្រប់គ្រងទូទៅនៃកិច្ចការតំបន់អាស៊ី និងកិច្ចការបរទេស នៅក្រសួង ការបរទេសជប៉ុន។
សូមបញ្ជាក់ផងដែរថា ជប៉ុន នឹងកូរ៉េខាងជើង បានព្រមព្រៀងគ្នាកាលពីចុងខែឧសភាថា នឹងបង្កើតក្រុម គណៈកម្មាធិការស៊ើបអង្កេត ការចាប់ជំរិតជនជាតិជប៉ុន ជាថ្នូរនឹងការដកទណ្ឌកម្ម មួយចំនួនជាឯកតោភាគី ចេញពី ប្រទេស កូរ៉េខាងជើង ៕