មន្ត្រី​ជលផល​ខេត្ត​កំពង់ចាម​ បំផ្លាញ​ចោល​ឧបករណ៍​បទល្មើស​រាប់ពាន់​ម៉ែត្រ​ និង​ចាក់​ព្រលែងកូនត្រី​ជិត​កន្លះ​តោន​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​

0

កំពង់ចាម​:​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​​ព្រែក​ដំបូក​ ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​សាច់​ភ្នំ​ ​បានចុះបង្ក្រាបបទល្មើសជលផល​ជាបន្តបន្ទាប់​ ដោយ​រឹបអូស​បាន​​នូវ​​ឧបករណ៍​ខុស​ច្បាប់​​រួម​មាន​ លូ​ស្បៃ​មុង​ចំនួន​៨២មាត់​ របាំង​ស្បៃ​មុង​ប្រវែង​៤១០០ម៉ែត្រ​​ ឧបករណ៍​រ៉ាវ​ចំនួន​១២មាត់​ របាំង​រ៉ាវ​ប្រវែង​៦០៥ម៉ែត្រ​ និង​បង្គោល​ចម្រឹង​ចំនួន​៤០៣ដើម​ ព្រមទាំង​ចាក់ព្រ​លែង​កូន​ត្រី​ចម្រុះ​សរុប​ទម្ងន់​៤៣៤គីឡូក្រាម​ ​ចូល​ក្នុង​បឹងធម្មជាតិ​វិញ​ផង​។
លោក​ អ៊ុក​ ណារិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ក្នុង​រដូវ​ត្រី​ពងកូន​ និង​ជា​រដូវ​បិទ​ការ​នេសាទ​ផង​នោះ​ កម្លាំង​រដ្ឋបាល​ជលផល​ តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជាបន្តបន្ទាប់​ ជាក់ស្ដែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ កម្លាំង​រដ្ឋបាល​ជលផល​ រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ចំនួន​០៣ករណី​ និង​ដុត​បំផ្លាញចោល​នូវ​វត្ថុតាងរួមមាន:​ ករណី​ទី​១-បាន​ធ្វើ​ឡើង​ ​នៅចំណុចបឹង​ស្នាយ​ដួច​ ឃុំ​បារាយណ៍​ ស្រុក​ស្រី​សន្ធរ​ រឹបអូស​បាន​ លូស្បៃមុងចំនួន៣៥មាត់​ របាំងស្បៃមុងប្រវែង១៧៥០ម៉ែត្រ​ និង​បង្គោលចម្រឹងចំនួន៦៩៨ដេីម​ ព្រម​ទាំង​ចាក់លែងកូនត្រីចម្រុះទម្ងន់១៧៥គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​។
ករណីទី២-បាន​ធ្វើ​ឡើង​ ​នៅ​ចំណុច​បឹងវាម ឃុំ​ប្រាំ​យ៉ាម​ ស្រុក​ស្រី​សន្ធរ​ រឹបអូស​បាន​ លូ​ស្បៃ​មុង​៤៧មាត់​ របាំង​ស្បៃ​មុង​ប្រវែង​២៣៥០ម៉ែត្រ​ និង​បង្គោល​ចម្រឹង​៩៤០ដើម​ ព្រមទាំង​ចាក់​លែង​កូន​ត្រី​ចម្រុះ​២៣៥គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​​។
ករណី​ទី​៣-បាន​ធ្វើ​ឡើង​ នៅ​ចំណុច​ចុង​ព្រែក​ដំបូក​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ​ រឹបអូស​បាន​ ​ឧបករណ៍​រ៉ាវ​ចំនួន​១២មាត់​ របាំង​រ៉ាវ​ប្រវែង​៦០៥ម៉ែត្រ​ និង​បង្គោល​ចម្រឹង​ចំនួន​២៤០ដើម​ ព្រមទាំង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​២៤គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​ ផងដែរ​ ៕