ដោយ ព្រះនរាយណ៍
ខេត្តបន្ទាយមានជ័យ៖ ក្រោយពីមានរឿងអាស្រូវ ស្អុយអាសោចបញ្ច្រាស់ខ្យល់ មានទាំងកាសែត វេបសាយ ទូរទស្សន៍ផ្សាយជាបន្តបន្ទាប់ជុំវិញរឿងពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលកន្លងមក មេសាខារូបនេះបាន ដឹកនាំបែបបក្ខពួកនិយម គៀបសង្កត់មន្ត្រីក្រោមឱវាទ បណ្តេញមន្ត្រីមានក្របខណ្ឌ័ឲ្យទៅធ្វើការពិនិត្យរទេះ ពិនិត្យឡានតាមផ្លូវ រួចទៅជួលជនស៊ីវិលដែលជាសាច់ញាតិខ្លួន២នាក់ឲ្យមកធ្វើការជំនួស។
ភាពមិនប្រកតីនេះ បានធ្វើឲ្យមន្ត្រីក្រោមឱវាទជាច្រើនសម្តែងការមិនពេញចិត្ត គឺមកពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរំលោភលើការងាររបស់ខ្លួន ធ្វើការមិនបានអនុវត្តន៍តាមប្រកាស់របស់ក្រសួងនិងតាមឋានានុក្រម។
ប្រភពពត៌មានបានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះ សាន វិជ្ជាសារ៉ាវុធ បានរៀបយុទ្ធសាស្ត្រ១ខែចុះត្រួតពិនិត្យតាមផ្សារឲ្យបាន២ដង ដើម្បីយករូបភាព សកម្មភាព ធ្វើរបាយការណ៍រាយការជូនថ្នាក់លើ។សកម្មភាពទាំងនេះ ត្រូវបានគេដឹងថា គឺជាការធ្វើឡើងដើម្បីបិតបាំងរឿងអាស្រូវរបស់ខ្លួន បង្ក្រាបអ្នករកស៊ីតូចតាច ឃុបឃិតជា មួយឈ្មួញធំៗ ក្រុមហ៊ុនធំៗ នាំចូលទំនិញ ផលិតផល ខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ សាច់មាន់ខូចគុណភាព និងប្រហិតគ្រប់ប្រភេទ បង្កប់ក្នុងរទេះទំនិញ នាំចូលពីថៃមកកម្ពុជាតាមច្រកប៉ោយប៉ែត ដើម្បីយកទៅលក់ចែកចាយបន្តតាមបណ្តាខេត្ត និងភ្នំពេញ។
ក្រោយពីកាសែត វេបសាយក្នុងស្រុកជាច្រើនបានចុះផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គេបានឃើញវត្តមាន លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានធ្វើដំណើរពីរាជធានីភ្នំពេញមកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីកាំកុងត្រូលនៅស្នាក់ការកាំកុងត្រូលច្រកប៉ោយប៉ែត។
ក្នុងជំនួបប្រជុំនោះ លោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានព្រមានយ៉ាងចាស់ ដៃចំពោះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យថា លោកទុកពេលឲ្យ១សប្តាហ៍ឲ្យកែប្រែការដឹកនាំ ពង្រឹងការងារឡើងវិញ ត្រូវសាមគ្គីគ្នាឡើងវិញ ត្រូវផ្តល់ការងារឲ្យកូនចៅ(មន្ត្រីក្រោមឱវាទធ្វើវិញតាមឋានុក្រម)។
លោកថា សព្វថ្ងៃនេះការងារកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្លាក់ខ្សោយណាស់ ហើយបទល្មើសខុសច្បាប់ របស់ឈ្មួញលួចបង្កប់ទំនិញខូចគុណភាពកើនឡើងពេញបន្ទុក រាល់ពេលសមត្ថកិច្ចតាមបណ្តាខេត្តដូចជា បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ ចាប់បានសាច់មាន់ ប្រហិតនិងទំនិញខូចគុណភាព ពេលសួរនាំឈ្មួញតែងតែឆ្លើយថា នាំចូលពីថៃតាមច្រកប៉ោយប៉ែតតែរហូត បើអសមត្ថភាពគួរតែដឹងខ្លួនហើយ?
គួរបញ្ជាក់ថា កន្លងទៅលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ តែងតែមានអំនួត អួតអាងតាំងខ្លួនដូចមហាទេពស្មើមេឃ គ្មាននរណាចេះដល់ខ្លួនទេ យកឈ្មោះអ្នកធំនេះ អ្នកធំនោះមក ប្រើ់ប្រាស់គៀបសង្កត់មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋានះស្មើអគ្គនាយក។ហើយការឃុបឃិតជាមួយឈ្មួញ ដាក់ខែ រាប់ក្បាលឡានដឹកទំនិញ១គ្រឿង១០០បាត ១ថ្ងៃមានឡានប្រពី៣០០ទៅ៥០០ឡាន ចឹងមានន័យថា គ្រាន់តែ១ថ្ងៃលោកប្រធានសាខាកាំកុងត្រូលរូបនេះអាចរកចំណូលក្រោមតុពីឈ្មួញបានរាប់ម៉ឺនបាត។ចំណូលទាំងនោះ សាន វិជ្ជាសារ៉ាវុធ អះអាងចំពោះមុខកូនចៅថា មួយចំនួនគឺ ទុកដោះស្រាយអង្គភាព មួយចំនួនគឺចិញ្ចឹមមេកើយរបស់ខ្លួន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងយកលុយមួយចំនួនជួយបក្ស។
ព្រោះតែមានខ្នងក្រាស់និងខ្សែធំបែបនេះហើយមើលទៅ បានជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហ៊ានធ្វើព្យុះធ្វើភ្លៀង ឃុបឃិតជាមួយឈ្មួញនាំចូលទំនិញខូចគុណភាពចូលពីថៃទាំងយប់ទាំងថ្ងៃ និងដាក់កូនចៅរាប់ក្បាលឡានយកលុយយ៉ាងរំភើយ មិនខ្វល់ពីការប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋឡើយ។
ពាក់ពន្ធ័ករណីនេះ អ្នកសារពត៌មានយើង បានខលទៅសម្ភាស៍ផងដែរនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ តែគួរឲ្យសោកស្តាយដែលទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ៕